មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងត្រៀមអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់ នាយ-ពលទាហាន
ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញត្រួតពិនិត្យកម្លាំង សម្ភារ ត្រៀមអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន និងបានដាក់បទបញ្ជាដល់កម្លាំងទាំងអស់ ត្រូវត្រៀមនៅហ្នឹងកន្លែង និងមធ្យោបាយ ដើម្បីរងចាំអនុវត្តរាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូន ។
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានបញ្ជាក់ថានយើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលដាច់ខាតត្រូវមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានតួនាទី និងភារកិច្ចការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសការពារ សន្តិភាព ឱ្យបានដាច់ខាតទោះបីត្រូវលះបង់អាយុជីវិតក៏ដោយ និងត្រូវកម្ទេចឱ្យអស់នូវក្រុមជ្រុលនិយមក្បត់ជាតិ ដែលមានបំណងចង់ផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ។
លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ពេលទទួលបានបទបញ្ជា ដាច់ខាតត្រូវអនុវត្តឱ្យបានទាន់ពេលវេលា ដើម្បីសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ជូនឱ្យខានតែបាន៕ ដោយៈសួន លីណា







