សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មកររោងចក្រទាមទារបន្តការយកចិត្តទុកដាក់ ខណៈអត្រាគ្រោះថ្នាក់នៅតែមានកំណើនខ្ពស់

(ភ្នំពេញ)៖ បញ្ហាប្រឈមរបស់ កម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅតែជួបគ្រោះថ្នាក់ខ្ពស់ ក្នុងពេលធ្វើដំណើរទៅមកបំពេញការងារ ដោយក្តីបារម្មណ៍នេះក្រុមអ្នកធ្វើការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឱ្យអនុវត្តគោលនយោបាយ ឬបញ្ជាផ្ទៃក្នុងចំពោះសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ
អ្នកពាក់ព័ន្ធសំខាន់រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន គាំទ្រឱ្យមានការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងផលិតសម្ភារផ្សេងទៀត ដើម្បីកាត់បន្ថយឱ្យនៅកម្រិតទាបបំផុតចំពោះគ្រោះថ្នាក់នៅលើដងផ្លូវ។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំការងារក្រុមសហជីពស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែសីហានេះ បានស្នើដល់ស្ថាប័នរាជរដ្ឋាភិបាល សមាគមរោងចក្រនានា ក្រុមអ្នកបញ្ជាទិញ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ពិនិត្យលទ្ធភាព កំណត់ឱ្យរោងចក្រអនុវត្តគោលនយោបាយ ឬបញ្ជាផ្ទៃក្នុង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្រិតរោងចក្រ ដែលនឹងធានាសុវត្ថិភាពដល់កម្មករនិយោជិតក្នុងពេលធ្វើដំណើរទៅមកបំពេញការងារ ។

សំណើនេះ បន្ទាប់ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានចេញផ្សាយរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ ដោយមានកម្មករនិយោជិតស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរ បានកើន២០ភាគរយ និងអ្នករងរបួសកើនជិត៣០ភាគរយ។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តរួមប្រភេទរថយន្តដឹកទំនិញ(រថយន្តទ្រង់កូរ៉េ) ជិះឈរប្រជ្រៀតគ្នា មានការកើនឡើង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ រថយន្តដឹកទំនិញ ដែលត្រូវបានយកទៅកែច្នៃពីការជិះឈរប្រជ្រៀតគ្នា មកជាមានកៅអីអង្គុយជិះ ក៏នៅតែប្រឈមនឹងគ្រោះថ្នាក់ពេលជួបឧបត្តវហេតុនៅលើដងផ្លូវដូចជាការបុក ឬក្រឡាប់ ជាដើម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល សង្គមស៊ីវិលជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ បានប្តេជ្ញារួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ដើម្បីសម្រេចបានតាមផែនការទសវត្សរ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការសហប្រជាជាតិ ៕

ដោ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner