ដុំមាសឡើងថ្លៃដល់កម្រិតកំពូល ពុំធ្លាប់មាន

បរទេស៖ តម្លៃមាសមួយដុំ ឬ Gold Bar បានឡើងថ្លៃដល់១លានដុល្លារ ជាលើកដំបូង ក្នុងប្រវត្ថិសាស្ត្រ ដោយសារតែលោហៈដ៏មានតម្លៃ ប្រភេទនេះ បន្តហក់ឡើង នេះបើតាម CNN ចេញផ្សាយ នៅថ្ងៃសុក្រនេះ។

តម្លៃមាសបានឡើងដល់ ជាង២៥០០ដុល្លារអាមេរិក ក្នុងមួយ ត្រយអោន (troy ounce) គិតត្រឹមថ្ងៃទី២៣ ខែសីហានេះ ដែលជាកម្រិតខ្ពស់បំផុត។ ខណៈដែល ដុំមាស ជាមធ្យម មានទម្ងន់១២គីឡូក្រាម ឬ ៤០០ ត្រយអោន នាំឲ្យតម្លៃ មាស១ដុំ បានឈានដល់តម្លៃ ១លានដុល្លារ នេះបើតាម CNN ដដែល។

គួររម្លឹកថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ តម្លៃដុំមាស មានប្រមាណ ៨០ម៉ឺនដុល្លារ ខណៈដែលពេលនោះ តម្លៃមាសក្នុងមួយអោន ត្រឹមប្រមាណ២ពាន់ដុល្លារអាមេរិក នេះបើតាមកាសែតអាមេរិក Cbsnews។
បើតាម CNN បានបន្តទៀតថា ចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកដល់ បច្ចុប្បន្ន តម្លៃមាសបានឡើងថ្លៃ ជាង២០ភាគរយ។ តម្លៃមាសកាន់តែខ្ពស់ អាចជាសញ្ញាមួយ ដែលវិនិយោគិនរំពឹងថា ធនាគារកណ្តាលអាមេរិក ឬ Federal Reserve នឹងកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ។ ធនាគារកណ្តាលប្រទេសចិន ក៏កំពុងសម្រុកទិញមាសផងដែរ ដើម្បីបន្ធូរបន្ថយការពឹងផ្អែកលើប្រាក់ដុល្លាររបស់អាមេរិក។

បណ្តាធនាគារកណ្តាលប្រទេសនានា និងអ្នកវិនិយោគ ចាត់ទុក «មាស» ជា ឃ្លាំងស្តុក ដែលអាចទុកចិត្តបាន រយៈពេលវែង ក្នុងអំឡុងពេល នៃវិបត្តិសេដ្ឋកិច្ច។ នោះក៏ព្រោះតែ នៅពេលដែលអត្រាការប្រាក់ ធ្លាក់ចុះ តម្លៃមាសមាននិន្នាការកើនឡើង ដោយសារមាសដុំ កាន់តែទាក់ទាញ ជាងរូបិយបណ្ណ។ វិនិយោគិន ក៏ចាត់ទុកមាស ជាខែលការពារប្រឆាំងនឹងអតិផរណា ឬ ទំនិញឡើងថ្លៃមិនសមតុល្យនឹងប្រាក់ចំណូល ផងដែរ នេះបើតាម CNN ដដែល។

របាយការណ៍របស់ក្រុមហ៊ុនហិរញ្ញវត្ថុពហុជាតិរបស់អាមេរិក JPMorgan ដែលបានចេញផ្សាយ កាលពីខែមុន បាននិយាយថា ហានិភ័យភូមិសាស្ត្រនយោបាយ, ការការពារអតិផរណា និងទស្សនវិស័យអត្រាការប្រាក់ បានជំរុញការកើនឡើងតម្លៃមាស នៅឆ្នាំនេះ។
អ្នកស្រាវជ្រាវ របស់ក្រុមហ៊ុន JPMorgan បានព្យាករណ៍ថា មាសនឹងបន្តកើនតម្លៃ ជាមធ្យម ២៦០០ដុល្លារ ក្នុងមួយអោន នៅចុងឆ្នាំ២០២៥ នេះបើតាមកាសែតអាមេរិក Nypost៕

ប្រភព ៖ CNN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner