ប្រជាពលរដ្ឋលើកជាសំណួរ និងសំណូមពរ៣៣ចំណុច ដើម្បីឱ្យអាជ្ញាធរ និងក្រុមប្រឹក្សាក្រុងស្ទឹងត្រែងជួយបំភ្លឺនិងដោះស្រាយ
ស្ទឹងត្រែង៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីសង្កាត់ទាំង៤ នៃក្រុងស្ទឹងត្រែង បានចូលរួមក្នុងវេទិកាសាធារណៈមួយ ដែលរៀបចំឡើងដោយរដ្ឋបាលក្រុង និងក្រុមប្រឹក្សាក្រុងស្ទឹងត្រែងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅសាលាក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
វេទិកាសាធារណៈនេះ ត្រូវបានប្រជាពលរដ្ឋលើកជាសំណួរ និងសំណូមពរចំនួន ៣៣ចំណុច ជាពិសេសពាក់ព័ន្ធនឹងការងារវាស់វែងដីធ្លី ,ផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ,បញ្ហាអគ្គិសនី ,ការប្រមូលសំរាម និង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុង ដើម្បីឱ្យអាជ្ញាធរក្រុង ក្រុមប្រឹក្សាក្រុង មន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយស្រាយបំភ្លឺ និងដោះស្រាយកង្វល់ជូនពួកគាត់ ។
សំណួរនិងសំណូមពរទាំង ៣៣ចំណុចត្រូវបានមន្ត្រីជំនាញស្រាយបំភ្លឺភ្លាមៗ ២៥សំនួរ និងនៅសល់ ៨សំនួរ និងសំណូមពរទៀត ត្រូវលើកយកទៅពិភាក្សា និងដោះស្រាយ ជូនប្រជាពលរដ្ឋនៅពេលក្រោយ។
ប្រធានក្រុមប្រឹក្សាក្រុងស្ទឹងត្រែង លោក សៀ ហេង បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ បានផ្តោតសំខាន់ទៅលើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការងារសុខាភិបាល សុខភាពសាធារណៈ ការងារអប់រំសិក្សាធិការ (ការបង្រៀន និងរៀន របស់គ្រូ និងសិស្ស) ការងារកសិកម្ម ការបង្កបង្កើនផល ការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ។
អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានថ្លែងថា រដ្ឋបាលក្រុងតែងតែយកចិត្តទុកដាក់លើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គម ព្រមទាំងការលើកស្ទួយការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងក្រុងឱ្យមានការរីកចម្រើនស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍសហស្សវត្សកម្ពុជា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើកកម្ពស់ អភិបាលកិច្ចល្អ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
ដោយ៖ឡុង សំបូរ