ប្រជាសហគមន៍កសិកម្ម ២៧២នាក់ ទទួលបានពូជដំណាំ និងជីធម្មជាតិ ពីអាជ្ញាធរខេត្ត
ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីពាក់ព័ន្ធ បាននាំយកពូជដំណាំកសិកម្ម រួមមាន ស្វាយចន្ទី ស្វាយកែវរមៀត និងជីធម្មជាតិ ទៅចែកជូនប្រជាសហគមន៍កសិកម្មវាលពោធិចំនួន ២៧២នាក់ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ។
ពិធីចែកពូជដំណាំកសិកម្ម និងជីធម្មជាតិបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ក្នុងបរិវេណ សាលាបឋមសិក្សាវាលពោធិ៍ ភូមិវាលពោធិ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ដែលរៀបចំដោយមន្ទីរកសិកម្មខេត្ត។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានប្រាប់ដល់កសិករដែលទទួលពូជដំណាំទាំងនេះ សូមទៅដាំដុះតាមមន្ត្រីជំនាញកសិកម្មណែនាំ ដើម្បីធ្វើឱ្យការដាំដុះទទួលបានការលូតលាស់ល្អ ព្រោះមន្ត្រីជំនាញបានផ្តល់ទាំងពូជ និងជីកសិកម្ម ។លោកបន្តថា ប្រសិនបើមិនយល់នៅចំណុចណាមួយ អាចសួរមន្ត្រីជំនាញបាន។សូមដាំដុះកុំទុកដីឱ្យនៅទំនេរ ។
ចំណែកអភិបាលខេត្តស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា បានរំលឹកថា នេះជាយុទ្ធសាស្ត្រពង្រីកការដាំដុះឱ្យបានច្រើន ហើយពេលបានផល ប្រជាជនយើង នឹងមានជីវភាពធូរធារ សង្គមគ្រួសារ នឹងមានភាពរីកចម្រើនទៅតាមនោះដែរ។ឯកឧត្តមបន្តថា នៅពេលកសិករម្ចាស់ការលើការដាំដុះបាននឹងកាត់បន្ថយបានការចេញទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម និងធ្វើចំណាកស្រុក ។
គួរបញ្ជាក់ថា សហគមន៍កសិករវាលពោធិ បានទទួលពូជស្វាយចន្ទីចំនួន២ពាន់ដើម ស្វាយកែវរមៀត១ពាន់ដើម និងជីកសិកម្មសម្រាប់ទ្រាប់គល់ ចំនួន ១តោន ។អំណោយនេះដើម្បីបង្កើនផ្នែកដាំដុះនៅក្នុងសហគមន៍៕
ដោយ៖ឡុង សំបូរ