វៀតណាមរៀបចំច្បាប់ ហាមនគរបាល មិនឲ្យស្រវឹង

ហាណូយ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ កាលពីថ្ងៃពុធថា នគរបាលវៀតណាមទាំងអស់នឹងមិនត្រូវបានអនុញ្ញាតឲ្យផឹកស្រាស្រវឹង ទោះបីក្នុងកាលៈទេសៈណា ក៏ដោយ។ ក្រៅពីនេះ ក៏មានបំរាមមិនឲ្យនគរបាលជក់បារី និងបំរាមករណីផ្សេងៗទៀត ផងដែរ នេះបើតាមសេចក្តីព្រាងសារាចរណែនាំស្តីពីក្រមសីលធម៌របស់ប៉ូលីស ថ្មីមួយ ដែលចងក្រងដោយនាយកដ្ឋានកិច្ចការបក្ស និងនយោបាយ នៃក្រសួងសន្តិសុខសាធារណៈ។

ប្រភពបានឲ្យដឹងថា សេចក្តីព្រាងនេះ មានចែងពីការដាក់កំហិតមន្រ្តីនគរបាល មិនឲ្យទទួលទានគ្រឿងស្រវឹង ទាំងមុន ឬ អំឡុងពេលម៉ោងធ្វើការ រួមទាំង ពេលសម្រាកផងដែរ គ្រប់ទីកន្លែង ទាំងអស់។ ក្រសួងសន្តិសុខសាធារណៈបានអះអាងថា បច្ចុប្បន្ន សេចក្តីព្រាងនេះ កំពុងស្វែងរកមតិគាំទ្រ ជាសាធារណៈ មុនពេលអាចអនុវត្តបាន។

ក្រសួងបានបញ្ជាក់ថា វិធានការទាំងនេះ មានគោលបំណង រក្សាមុខមាត់វិជ្ជាជីវៈ របស់មន្ត្រីនគរបាល។ បើតាមខ្លឹមសារនៃសេចក្តីព្រាងសារាចរណែនាំ ក៏បានចែងដែរថា មន្ត្រីនគរបាលនឹងមិនត្រូវលាបពណ៌សក់ ក្រៅតែពីពណ៌ខ្មៅ ,ហាមបណ្តុះក្រចកដៃ ឬ ក្រចកជើង មិនឲ្យវែងពេក ឬ ត្រូវចាក់ទម្លុះលើដងខ្លួន រួមទាំង ការចោះរន្ធច្រចៀក ប៉ុន្តែ ការចោះក្រវិលនេះ លើកលែង សម្រាប់នគរបាល ជាស្ត្រី។ ក្រៅពីនេះ ក៏រួមបញ្ចូលផងដែរ នូវការហាមឃាត់ទាំងស្រុង លើការលេងល្បែងស៊ីសង ក្នុងទម្រង់ណា ក៏ដោយ។

ជាងនេះទៀត គោលការណ៍ថ្មីនេះ ក៏មានហាមឃាត់ការស្លៀកពាក់ឯកសណ្ឋានប៉ូលីស ពេលកំពុងញ៉ាំអាហារ ឬ ផឹកស្រា នៅភោជនីយដ្ឋាន តាមដងផ្លូវ លុះត្រាតែជាកាតព្វកិច្ចការងារ ដែលត្រូវបានកំណត់ ជាបេសកកម្ម។

ចំពោះការជក់បារី ក៏ត្រូវបានហាមប្រាមផងដែរ សម្រាប់មន្ត្រីនគរបាលពេលបំពេញកាតព្វកិច្ច នៅកន្លែងធ្វើការ, បន្ទប់សន្និសីទ, និងតំបន់ផ្សេងទៀត គឺត្រូវរឹតបន្តឹង សម្រាប់ប៉ូលីសទាំងអស់។

យ៉ាងណាមិញ កម្រិតនៃការផាកពិន័យ ចំពោះនគរបាលដែលបំពាន មិនទាន់ត្រូវបានបង្ហាញ ឲ្យដឹងនៅឡើយទេ នេះបើតាមកាសែត VNexpress ដដែល៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner