ការសិក្សារកឃើញថា ការរស់នៅហ៊ុព័ទ្ធដោយដើមឈើ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង
បរទេស ៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការរស់នៅក្នុងសង្កាត់ដែលពោរពេញដោយដើមឈើ អាចផ្តល់អត្ថប្រយោជន៍ដល់បេះដូងរបស់មនុស្ស ដូចទៅនឹងការធ្វើលំហាត់ប្រាណជាប្រចាំដែរ។
ការសិក្សានេះធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Louisville ដែលបានសាកល្បងព្យាបាល និងតាមដានសុខភាពរបស់មនុស្សរាប់រយនាក់ ដែលរស់នៅក្នុងសង្កាត់ចំនួន៦ ដែលមានចំណូលទាបដល់មធ្យមនៅទីក្រុង South Louisville រដ្ឋ Kentucky។
អ្នកស្រាវជ្រាវបានប្រមូលសំណាកឈាម, ទឹកនោម, ក្រចក និងសក់ ព្រមទាំងទិន្នន័យសុខភាពពីមនុស្សម្នាក់ៗ មុនពេលពួកគេចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវ។ មនុស្សទាំងនោះមានអាយុពី ២៥ ទៅ ៧៥ឆ្នាំ ហើយជិត ៨០ភាគរយ ជាជនជាតិស្បែកស និង ៦០ភាគរយជាស្ត្រី។
លទ្ធផលទទួលបានពីការសិក្សា HEAL របស់គម្រោង Green Heart Louisville បានបង្ហាញថា ប្រជាជនដែលរស់នៅក្នុងសង្កាត់ ដែលពោលពេញដោយដើមឈើ និងគុម្ពឈើច្រើន មានកម្រិតទាបនៃសញ្ញាសម្គាល់ឈាម ដែលទាក់ទងនឹងជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងប្រភេទជំងឺមហារីកមួយចំនួន៕ ប្រភព៖ CNBC ប្រែសម្រួលដោយ៖ ឈឹម ទីណា

