មន្រ្តីក្រសួងព័ត៌មាន៖សមត្ថភាពផលិតអត្ថបទរបស់មន្រ្តីព័ត៌មានគឺជារឿងសំខាន់
កំពង់ធំ៖ ក្នុងកិច្ចប្រជុំនិងពិនិត្យលើវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នៅមន្ទីរព័ត៌មានខេត្តកំពង់ធំកាលព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ឯកឧត្តម អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកគ្រប់គ្រងវិស័យព័ត៌មាន ក្នុងខេត្តកំពង់ធំ បានលើកឡើងថា សមត្ថភាពសរសេរព័ត៌មាននិងធ្វើបទយកការណ៍របស់មន្ត្រី គឺជាផ្នែកមួយដែលសំខាន់ជាងគេ ។ដូច្នេះមន្ទីរត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាលមន្ត្រី ដើម្បីលើកកម្ពស់វិស័យព័ត៌មាននៅមូលដ្ឋាន។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា រូបភាពគឺត្រូវតែបង្ហាញពីខ្លឹមសារនៃអត្ថបទ ។ការថតរូបត្រូវតែមានជំនាញក្នុងការចាប់ប្លង់ និងគុណភាពរូបផងដែរ ។ចំណងជើងអត្ថបទ ក៏ត្រូវតែមានភាពទាក់ទាញ បង្កើនចំណាប់អារម្មណ៍របស់អ្នកអាន។ មួយវិញទៀត ខ្លឹមសារនៃអត្ថបទ ត្រូវសរសេរឱ្យមានខ្លឹមសារ និងមានន័យគ្រប់គ្រាន់ ចៀសវាងអត្ថបទធ្វើឱ្យអ្នកអាន មិនយល់ន័យ និងលែងចូលចិត្តការសរសេររបស់យើង៕
ដោយៈប៊ុន រដ្ឋា
