ព្រឹត្តិការណ៍ Gumball 3000 នឹងបង្កើតកំណត់ត្រា​ពិភពលោក​នៅមុខប្រាសាទអង្គវត្ត

ភ្នំពេញ៖ ដូចការគ្រោងទុកព្រឹត្តិការណ៍ត្រៀមមុនសម្រាប់​ព្រឹត្តិការណ៍​​ហ្កាំប៊ល ៣០០០ រ៉ាល់លីនៅព្រះរាជាណាចក្រ​កម្ពុជា (Pre-Gumball 3000 Rally in Cambodia )ដែល​ដឹកនាំរៀបចំ និងសម្របសម្រួលដោយក្រសួងទេសចរណ៍​សហការ ជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា​បាន​ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា និងថ្ងៃ១ខែកញ្ញា ឆ្នាំ​២០២៤ នៅខេត្តសៀមរាប និងអតីតអាកាស​យានដ្ឋាន​អន្តរ​​ជាតិខេត្តសៀមរាប។តាមរយៈព្រឹត្តិការណ៍ហ្កាំប៊ល ៣០០ រ៉ាល់លីនៅកម្ពុជានឹងបង្កើតកំណត់ត្រាពិភពលោកហ្គីណេស “ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។

ដោយឡែកចំពោះព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី កម្ពុជា​នឹងប្រារព្ធជាផ្លូវការនៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាង​មុខនេះនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប។រាល់ថវិកា​ដែល​ទទួលបានពីព្រឹត្តិការណ៍នេះនឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារ​អង្គរនៅខេត្តសៀមរាប។

នៅថ្ងៃទី១ ខែកញ្ញា នេះមានការបើកបរសាកល្បង (Drag Race) រថយន្ត Gumball 3000 ចំនួនប្រមាណ៦០ គ្រឿង និងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ។កម្មវិធីបើកបរ​សាកល្បងនៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប នាថ្ងៃទី១ ខែកញ្ញា មានការចូលរួមដោយផ្ទាល់ពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទៀ ស្យាម ស្ថាបនិក​សមាគមវប្បធម៌រថយន្តកម្ពុជា ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប ហើយក៏​មានការសម្ដែងទេពកោសល្យបើកបររថយន្តពីសំណាក់កញ្ញា លីអូណាកំពូលនារីអ្នកប្រណាំងរថយន្តមក ពីប្រទេសម៉ាឡេស៊ី​ផងដែរ។

សូមជម្រាបថា ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៨ ខែសីហា បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំ​ព្រឹត្តិការណ៍​ត្រៀម​មុន “Pre-Gumball 3000 Rally in Cambodia” នៅ​ខេត្តសៀមរាបចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា។សេចក្តីជូនដំណឹងបានប្រាប់ទៅសមាគមទេសចរណ៍ ប្រតិបត្តិ​ករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធនានាថា ក្រសួង​ទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន ជីប ម៉ុង រដ្ឋបាលខេត្ត​សៀមរាប ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយផ្នែកឯកជន​នឹង​រៀបចំ ព្រឹត្តិការណ៍ត្រៀមមុន “Pre-Gumball 3000 Rally in Cambodia” ក្រោមប្រធានបទ “Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” ដែលមានការតាំង​បង្ហាញ​សាកល្បង​ពិព័រណ៍​រថយន្ត​ទំនើបប្រមាណ៨០គ្រឿង រួម ជាមួយ ម៉ូតូធំចំនួន១០០គ្រឿង និងមានការប្រគំតន្ត្រីខ្នាតតូច​នៅ​បរិវេណ​សួនព្រះរាជ ដំណាក់ ថ្ងៃទី៣១ ខែសីហា និងការ​បើក​បរសាកល្បង នៅបរិវេណព្រលានយន្តហោះចាស់ខេត្ត​សៀមរាប ថ្ងៃទី១ ខែកញ្ញា ។

កត់សម្គាល់ថា ចាប់តាំងពីថ្ងៃទី៣១ ខែសីហា រថយន្ត​ប្រណីតៗ​ជាច្រើនគ្រឿងបានមក ប្រមូលផ្តុំគ្នានៅខេត្ត​សៀមរាបដើម្បី ចូលរួមក្នុងកម្មវិធីផ្សេងៗត្រៀមមុនព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia។ក្នុងនោះមានការតាំង​បង្ហាញ​សាកល្បង នូវពិព័រណ៍រថយន្តទំនើបៗនៅបរិវេណសួនច្បារ​មុខព្រះរាជដំណាក់ក្រុងសៀមរាបដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ចូលទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍​ដោយសេរី។

ព្រឹត្តិការណ៍ GUMBALL 3000 Rally នឹងប្រារព្ធ​ចាប់ពី​ថ្ងៃ​ទី១៥ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញាដោយ​មានរថយន្ត​ទំនើបៗ​រួម មាន Supercar Hypercar Sportcar ប្រមាណ ១៣០ ទៅ ១៥០ គ្រឿង មកពីបណ្ដាប្រទេសជាង ៤០ ចម្រុះដោយ ៤០​ជាតិសាសន៍ផ្សេងៗគ្នាចូលរួម ។

ឯកឧត្ដម គុជ បញ្ញាសា និងឧកញ៉ា លាង ពៅ បានបញ្ជាក់ដូច​គ្នាកាលពីថ្ងៃទី២៧ ខែសីហាថា នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខ នៅរាជធានីភ្នំពេញ​ក្បួន​រថយន្ត​របស់សមាជិក GUMBALL 3000 ប្រមាណ១៣០ ទៅ ១៥០គ្រឿងរួមជាមួយរថយន្ត ទំនើបៗរបស់អ្នកចូលក្នុងប្រទេសកម្ពុជា​ប្រមាណជាង ៣០០​គ្រឿង​ទៀត នឹងធ្វើការចតនៅបរិវេណវិមានឯករាជ្យរហូតដល់ ជិតរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រយៈពេលជាង ១ម៉ោង ចាប់ពីម៉ោង ២រសៀល ដើម្បីឱ្យមហាជនបានទស្សនា ក៏ដូចជាផ្ដិតយករូបភាពដ៏អស្ចារ្យបំផុតក្នុង​ប្រវត្តិ​សាស្ត្រ។

អ្វីដែលកាន់តែអស្ចារ្យលើសនេះទៀតនោះ ក្បួនរថយន្ត GUMBALL 3000 នឹងធ្វើការចតនៅមុខប្រាសាទអង្គរ នៅថ្ងៃ​ទី១៧ ខែកញ្ញា ដើម្បីបំបែកឯកគ្គទកម្មពិភពលោក ដែល​នេះ​គឺ​ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយ ដែលរថយន្ត​ទំនើបៗ​រាប់​រយគ្រឿង បានចតនៅមុខប្រាសាទអង្គរ។ តាមរយៈ​រូបភាព​ដ៏អស្ចារ្យនេះនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក ហើយ​នេះ​ជាផលចំណេញដ៏ធំសម្រាប់ប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍។

គប្បីជម្រាបជូនថា ការនាំយកនូវព្រឹត្តិការណ៍ GUMBALL 3000 មកកម្ពុជា មានគោលបំណងសំខាន់៤ គឺ ៖ ១.ការជំរុញ វិស័យទេសចរណ៍នៅកម្ពុជានិងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក។២.ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅ​មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។៣.ការបើកឱកាស​រវាង​វិនិយោគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នានិង ៤. ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស «ការចូលរួមចត​ឡាន​ច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត»៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner