វេជ្ជបណ្ឌិតថៃផ្តល់ការពិនិត្យសុខភាពកុមារកម្ពុជាដោយឥតគិតថ្លៃ

ភ្នំពេញ៖ CMS-Cam Medical Services ដែលជាភ្នាក់ងារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស សហការជាមួយមន្ទីរពេទ្យផាយាថៃ២ ប្រទេសថៃ បានរៀបចំកម្មវិធីពិគ្រោះយោបល់លើបញ្ហាសុខភាពដោយឥតគិតថ្លៃជាមួយវេជ្ជបណ្ឌិតមកពីប្រទេសថៃ។

កម្មវិធីមានរយៈពេលមួយថ្ងៃពេញនេះ ប្រព្រឹត្តនៅអាគារ The KK Biz ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ដោយក្រុមហ៊ុន CMS បានអញ្ជើញវេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំ មកពីមន្ទីរពេទ្យផាយាថៃ២ ចំនួនពីរឯកទេស គឺឯកទេសផ្នែកកុមារ និងឯកទេសផ្នែកវះកាត់ទូទៅ។ នៅពេលព្រឹក លោកស្រីវេជ្ជបណ្ឌិត ភិឆ្ឆាយា វឌ្ឍនាសក្តិភូផាន (Dr. Pichaya Vathanasakpuban) អញ្ជើញធ្វើបទបង្ហាញអំពីជំងឺ ក៏ដូចជាបញ្ហាប្រឈមថ្មីៗ ដែលកើតមានចំពោះសុខភាពរបស់កុមារ ដូចជាជំងឺទឹកនោមផ្អែមលើកុមារ បញ្ហាធាត់លើសទំងន់ ការលូតកំពស់យឺត ការមករដូវយឺត ឬលឿនជាដើម និងពេលរសៀល លោកវេជ្ជបណ្ឌិត វិសិដ្ឋ កេសេមវីរីយា (Dr. Wisit Kasetsermwiriya) ឯកទេសផ្នែកវះកាត់ទូទៅ និងប្រព័ន្ធអាហារ ធ្វើបទបង្ហាញពាក់ព័ន្ធនឹងការវៈកាត់ ដូចជាជំងឺដុំសាច់ មហារីកថ្លើម មហារីកពោះវៀនធំ បញ្ហាថង់ទឹកប្រមាត់ មហារីកលំពែងដុំសាច់ ក្លនលូន វះកាត់ក្រពះ ឬសម្រកទម្ងន់។

កម្មវិធីនេះដែរ បានផ្ដល់ជូនអ្នកចូលរួមនូវការប្រឹក្សាយោបល់ដោយឥតគិតថ្លៃជាមួយវេជ្ជបណ្ឌិតឯកទេសទាំងពីរដោយផ្ទាល់ផងដែរ។ នេះជាលើកទី៣ហើយ ដែល CMS បានអញ្ជើញវេជ្ជបណ្ឌិតឯកទេសមកពីប្រទេសថៃដើម្បីបង្ហាញនូវបច្ចេកវិទ្យានៃការព្យាបាលថ្មីៗ ក៏ដូចជាផ្តល់នូវកម្មវិធីពិគ្រោះយោបល់បញ្ហាសុខភាពដោយឥគិតថ្លៃជូនដល់ប្រជាជនកម្ពុជា។ ដោយឡែកសម្រាប់មន្ទីរពេទ្យផាយាថៃ២ ជាលើកទីពីរហើយដែលបានសហការរៀបចំកម្មវិធីនេះជាមួយ CMS។
លោកស្រី ខែក ខេមរ៉ាត អគ្គនាយិការបស់ក្រុមហ៊ុន KK Biz តំណាងអោយ CMS បានមានប្រសាសន៍ថា កម្មវិធីពិគ្រោះយោបល់ដោយឥតគិតថ្លៃលើបញ្ហាសុខភាពនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទាក់ទងនឹងសុខភាពជូនដល់ប្រជាពលរដ្ឋកម្ពុជាបានស្វែងយល់បន្ថែមទៀត ជាពិសេសអ្នកដែលមានបុត្រធីតា ដែលកំពុងមានបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺដែលបានរៀបរាប់ខាងលើ ក៏ដូចជាលោកអ្នកដែលមានបញ្ហាសុខភាពប្រឈមទៅនឹងការវៈកាត់ផ្សេងៗអាចចូលរូមស្វែងយល់បន្ថែម ក៏ដូចជាយល់ដឹងពីវិធី ការពារ និងព្យាបាលបានទាន់ពេលវេលា។

លោកអ្នកដែលចូលរួមក្នុងកម្មវិធីនេះ មានឳកាសទទួលបានការប្រឹក្សា ពិគ្រោះយោបល់ដោយផ្ទាល់ ដោយឥតគិតថ្លៃលើបញ្ហាសុខភាពជាមួយវេជ្ជបណ្ឌិតជំនាញទាំងពីររូបផង និងមានឳកាសចាប់រង្វាន់ទទួលបានកាបញ្ចុះតម្លៃពិសេសពីការព្យាបាលជំងឺ នៅមន្ទីរពេទ្យផាយាថៃ ២ផងដែរ។
សូមបញ្ជាក់ថា CMS-Cam Medical Services មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការផ្តល់នូវសេវាកម្ម ការបញ្ជូនអ្នកជំងឺទៅសង្គ្រោះនៅក្រៅប្រទេសតាមយន្តហោះ និងរថយន្តសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យធំៗនៅក្នុងប្រទេសថៃ និងទៅកាន់មន្ទីរពេទ្យល្បីៗនៅប្រទេសដ៏ទៃទៀតនៅក្នុងតំបន់ និងមានសេវាកម្មផ្តល់ការប្រឹក្សាក្នុងការជ្រើសរើសមន្ទីរពេទ្យដៃគូ និងរៀបចំឯកសារបញ្ជូនអ្នកជំងឺទៅសង្គ្រោះបានលឿន រហ័ស និងប្រកបដោយសុវត្ថិភាពខ្ពស់៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner