សណ្ឋាគារធំៗអាមេរិកចំណេញខ្លាំង មិនចែកបុគ្គលិក ផ្ទុះកូដកម្ម១ម៉ឺននាក់

បរទេស៖ បុគ្គលិកសណ្ឋាគារអាមេរិក ចំនួន១ម៉ឺននាក់បានធ្វើកូដកម្ម នៅថ្ងៃពលកម្ម កាលពីចុងសប្តាហ៍ នៅក្នុងទីក្រុងចំនួនប្រាំបី របស់សហរដ្ឋអាមេរិក ដើម្បីទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌល្អប្រសើរ ខណៈដែលសណ្ឋាគារទាំងនោះ ចំណេញខ្លាំងបំផុត តែមិនប្តូរវិធានការកាត់បន្ថយចំណាយ កាលពីជំនាន់កូវីដ១៩។

កាលពីថ្ងៃអាទិត្យ បុគ្គលិកសណ្ឋាគារបានដើរចេញពីការងារ នៅក្នុងទីក្រុងនានា រួមមានទាំង Boston, Honolulu, San Francisco, San Diego និង Seattle បន្ទាប់ពីសហជីព UNITE HERE និងខ្សែសង្វាក់សណ្ឋាគារធំៗ មានដូចជា Hilton, Hyatt និង Marriott បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងក្នុងការចរចារួមគ្នា។

លោកស្រី Gwen Mills ប្រធានអន្តរជាតិនៃ UNITE HERE បាននិយាយថា សហជីពបានប្រកាសពីការធ្វើកូដកម្ម កាលពីថ្ងៃចន្ទមកម្ល៉េះ ដោយសារតែសណ្ឋាគារទាំងនោះ មិនបានផ្លាស់ប្តូរវិធានការកាត់បន្ថយការចំណាយ ដែលបានណែនាំ ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 បើទោះបីជាទទួលបាន «ប្រាក់ចំណេញ ជាកំណត់ត្រា»។

លោកស្រី Mills បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មករមិនបានកម្រៃគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេទេ។ សហជីពបាននិយាយថា កូដកម្មក៏ត្រូវបានអនុញ្ញាតឲ្យមានផងដែរ នៅក្នុងទីក្រុង Baltimore, New Haven, Oakland និង Providence ហើយអាចចាប់ផ្តើម នៅក្នុងទីក្រុងទាំងនោះ នៅពេលណាក៏បាន។

លោក Michael D’Angelo ប្រធានផ្នែកទំនាក់ទំនងការងាររបស់សហរដ្ឋអាមេរិកនៅ Hyatt បាននិយាយថា ខ្សែសង្វាក់នេះមាន «ប្រវត្តិកិច្ចសហប្រតិបត្តិការយូរអង្វែង» ជាមួយសហជីព ហើយមានការខកចិត្តដែល UNITE HERE បានជ្រើសរើស ការធ្វើកូដកម្ម។

លោក Michael D’Angelo បន្តថា យើងទន្ទឹងរង់ចាំបន្តការចរចា។ លោក D’Angelo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតថា សណ្ឋាគារ Hyatt មានផែនការបន្ទាន់ ដើម្បីកាត់បន្ថយផលប៉ះពាល់ លើប្រតិបត្តិការសណ្ឋាគារ ទា ក់ទងនឹងសកម្មភាពកូដកម្ម ដែលអាចកើតមាន។ យ៉ាងណាមិញ សណ្ឋាគាររ Hilton និង Marriot មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា ថ្ងៃចុងសប្តាហ៍ នៃទិវាពលកម្ម គឺជារយៈពេលមួយដែលមមាញឹកបំផុតសម្រាប់ការធ្វើដំណើរនៅក្នុងសហរដ្ឋអាមេរិក៕

ប្រភពពី Aljazeera ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner