តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ចូលរួមស្តាប់សំណូមពរនិងតម្រូវការរបស់ប្រជាពលរដ្ឋសង្កាត់ផ្ទះព្រៃ

ពោធិ៍សាត់៖តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់រួមមាន ឯកឧត្តម ស៊ុយ សែម, ឯកឧត្តម ទី ថានី, ឯកឧត្តម កែវ វីរៈ និងឯកឧត្តម រ៉ូហ្វី អូស្មាន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដើម្បីទទួលយក​នូវសំណូមពរ​និងតម្រូវការចាំបាច់ពីមូលដ្ឋាន។

ក្នុងពិធីដែលបានប្រារព្ធនៅវត្តពាលញែក កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ការ​ជួបជុំគ្នាថ្ងៃនេះ គឺដើម្បីដឹងសុខ ដឹងទុក្ខគ្នាទៅវិញទៅមក រវាងអ្នកតំណាងរាស្ត្រជាមួយ​ប្រជាពលរដ្ឋសង្កាត់ផ្ទះព្រៃ បន្ទាប់ពី​បងប្អូន​បានបោះឆ្នោតជូន​ឯកឧត្តម​ជាប់ជាតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ទាំង៤នាក់ក្នុងនីតិកាលនេះ។ឯកឧត្តមបន្តថា​តំណាងរាស្ត្រ​ត្រូវដឹងពីសុខទុក្ខ បញ្ហាប្រឈម និងសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះ​ស្រាយនិងរាយការណ៍​ជូន​ទៅថ្នាក់ដឹកនាំកំពូល ព្រមទាំងនាំ​យក​ព័ត៌មានពីថ្នាក់លើ មកប្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានវិញ។

ប្រជាពលរដ្ឋជាច្រើនរយនាក់ដែលចូលរួមក្នុងពិធីនេះ បានបង្ហាញនូវ​ទឹកមុខសប្បាយរីករាយនិងបានលើកឡើងថា សព្វថ្ងៃពួកគាត់​បានរស់នៅដោយសុខស្រួល ក្រោមម្លប់សន្តិភាព គ្មានការភ័យខ្លាច មានសិទ្ធិសេរីភាពគ្រប់គ្រាន់ និងបានឃើញការអភិវឌ្ឍរីក​ចម្រើន​លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែល​មាន​សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី​និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងនេះក៏​នៅមានបញ្ហា​មួយចំនួន ដូចជា គ្រឿងញៀន ល្បែងស៊ីសង សកម្មភាព​ក្មេងទំនើង កង្វះអនាម័យ បរិស្ថាន ការលែងសត្វគោអនាធិបតេយ្យ និងគ្រោះថ្នាក់​ចរាចរណ៍ជាដើម។

ឯកឧត្តម ស៊ុយ សែម តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បាន​ទទួលយកនូវបញ្ហានិងសំណូមពរ ដែលប្រជាពលរដ្ឋបាន​លើក​ឡើងទាំងអស់ ព្រមទាំងបានឆ្លើយតបនិងដោះស្រាយជូនភ្លាមៗ​ផងដែរ៕
ដោយ៖ចេង ពុំ

ads banner