អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ លើកឡើងពីលទ្ធផលល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ឡាវ
ភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានលើកឡើងពីកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ ក្នុងរយៈពេលមួយឆ្នាំមកនេះ មានលទ្ធផលល្អប្រសើរ ។ ជំនួបនេះ បានធ្វើឡើងក្នុងពេលដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានកំពុងស្ថិតក្នុងប្រទេសឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ ដែលប្រទេសឡាវ គឺជាម្ចាស់ផ្ទះ ។
ក្នុងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នោះ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ បានថ្លែងអំណរគុណចំពោះនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ។ ឧត្តមសេនីយ៍ឯក ខាំលៀង បានលើកឡើងពីលទ្ធផលល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ឡាវ ក្នុងរយៈពេលមួយឆ្នាំមកនេះ ។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន និងបានអបអរសាទរចំពោះការរៀបចំដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ ប្រកបដោយជោគជ័យ ។ នាយឧត្តមសេនីយ៍ នូវបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា ជាពិសេសវត្តមានរបស់អគ្គមេបញ្ជាការនៃបណ្តាប្រទេសអាស៊ាន រួមទាំងប្រទេសទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍ ក្នុងការពិភាក្សា និងផ្លាស់ប្តូរទស្សនៈក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាម គ្គីភាព នៃបណ្តាប្រទេសក្នុងតំបន់អាស៊ានឱ្យកាន់តែរឹងមាំ ។
ដោយឡែកចំពោះកិច្ចទំនាក់ទំនងប្រទេសទាំងពីរកម្ពុជា-ឡាវនោះវិញ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ នឹងកាន់តែរីកចម្រើនថែមទៀត ក្នុងគោលបំណងរក្សានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងលើកស្ទួយជីវភាព រស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។
សូមជម្រាបថា កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ (ACDFM-21) ឆ្នាំ២០២៤នេះ ដែលប្រទេសឡាវ ជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំ បានធ្វើឡើងនៅទីក្រុងវៀងច័ន្ទន៍ ដែលរយៈពេល ៣ថ្ងៃ គឺពីចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ (ACDFM-21) ឆ្នាំ២០២៤ ដែលអញ្ជើញចូលរួមដោយអគ្គមេបញ្ជាការនៃបណ្តាប្រទេសអាស៊ាន និងរួមទាំងប្រទេសទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរនោះ បានស្ថិតក្រោមមូលបទ «អាស៊ាន រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន» ក្នុងអត្ថន័យជំរុញការលើកកម្ពស់ស្មារតីនៃកិច្ចខិតខំរបស់រដ្ឋសមាជិកអាស៊ាន ទាក់ទងនឹងសារៈសំខាន់ការបន្តកិច្ចសហប្រតិបត្តិការពង្រឹងពង្រីកតួនាទី ក៏ដូចជាមជ្ឈភាពនៃសហគមន៍អាស៊ាន ៕
ដោយ៖គង់ សុផុល