អ្នកជំនាញអារ្យធម៌ខ្មែរ ប្រៀបធៀបក្រុមប្រឆាំង និងក្រុមអ្នកលេងហ្វេសប៊ុកនៅក្រៅស្រុកថា ជាក្រុមមនុស្សនិយាយប៉ប៉ាច់ប៉ប៉ោច

ភ្នំពេញៈ អ្នកជំនាញអារ្យធម៌ខ្មែរ បានហៅ ការលើកទ្បើងរបស់ក្រុមប្រឆាំង និងគូកនអ្នកលេង ហ្វេសប៊ុក(Facebook )ខ្លះពីក្រៅប្រទេស ដែលនិយាយអះអាងថា តំបន់អភិវឌ្ឍ៍ត្រីកោណ (CLV-DTA) រួមមាន ខេត្ដបួនរបស់កម្ពុជា នឹងត្រូវបាត់បង់ទៅឲ្យវៀតណាមនៅ ១០០ឆ្នាំខាងមុខជាស្វ័យប្រវត្ដិ គឺជារឿងដ៏ហួសចិត្ដនិងគួរឲ្យអស់សំណើច។

ការលើកឡើងរបស់អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ នេះ បានធ្វើឡើងក្រោយមានមតិមហាជនខ្លះ បានលើកឡើងជាសំណួរថា «តើតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA រួមមានខេត្ដចំនួនបួន គឺខេត្ដរតនគិរី មណ្ឌល គិរី ក្រចេះ និងខេត្ដស្ទឹងត្រែងរបស់កម្ពុជា នឹងត្រូវបាត់បង់ទៅឲ្យវៀតណាមនៅ១០០ឆ្នាំខាងមុខមែនឬយ៉ាងណា?» ។

ជាការបកស្រាយ អ្នកជំនាញអារ្យធម៌ខ្មែរ បានថ្លែងថា «បើយើងនិយាយអំពីរយៈពេលចាប់ពីពេលនេះទៅដល់ ១០០ឆ្នាំទៀត គឺជារយៈពេលដ៏យូរអង្វែង ដែលជនចេញមុខធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងអះអាងទាំងនេះ ត្រូវបានស្លាប់ពីរដងនៃអាយុសង្ខាររាល់រូបរបស់ពួកគេ គឺសុទ្ធតែជាសម្ដីចង់បង្ហាញពីភាពអំនួតខែងរ៉ែងក្នុងចេតនាបង្កឲ្យមហាជនមានការភាន់ច្រឡំ ច្របូកច្របល់ ភ័យព្រួយក្នុងការបាត់បង់ទឹកដីជាទីស្រឡាញ់របស់ជាតិខ្លួន គឺជាទង្វើបង្កដល់ការបែកបាក់កម្លាំងសាមគ្គីជាតិតែប៉ុណ្ណោះ ដោយមិនបានឈរលើទស្សនៈនៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ដនោះទេ ។
លោក ថែមទាំងបានហៅ ការលើកទ្បើងរបស់ក្រុមប្រឆាំង និងគូកនអ្នកលេង Facebook នៅក្រៅប្រទេសទាំងនោះថា គឺជាការប្រើវោហាសាស្រ្ដប៉ប៉ាច់ប៉ប៉ោចឡើងបែកពពុះមាត់ បំប៉ោងសភាពការណ៌ដោយស្រែកក្ដែងៗធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងអះអាងពោរពេញដោយអំនួតក្អេងក្អាងដូចទឹកកន្លះក្អម ។

ដោយហេតុថា ក្នុងចន្លោះរយៈពេលនោះ ដោយឈរលើទស្សនៈសន្តិភាពជាគ្រឹះ នៃការអភិវឌ្ឍ និងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ គឺការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ឬរវាងកម្ពុជា និងប្រទេសជិតខាង នឹងត្រូវចប់សព្វគ្រប់ជាស្ដាពរ ១០០% ។ បន្ថែមពីលើនេះទៀត នៅពេលនោះកំណើននៃវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងយោធា ព្រមទាំងវិស័យផ្សេងៗទៀតរបស់កម្ពុជា នឹងមានសន្ទុះរីកចម្រើនខ្លាំងក្លាដល់កំពូលមិនខុសពីអារ្យប្រទេសជឿនលឿននានានៅលើពិភពលោកនោះទេ។ ក្រោមហេតុផលទាំងនេះ លោក រត្ន័ សណ្តាប់ បានដាក់សំណួរទៅវិញថា «តើកូនចៅយើងជំនាន់ក្រោយៗនោះ សុខចិត្ដសុខកាយបណ្តែតបណ្ដោយឲ្យបាត់បង់ទឹកដីរបស់ខ្លួនដ៏ស្រស់បវរទៅឲ្យវៀតណាមទទេៗដូចការចោទប្រកាន់ និងអះ អាងរបស់ក្រុមប្រឆាំង និងគូកនអ្នកលេង Facebook ប៉ប៉ាច់ប៉ប៉ោច ដូចទឹកកន្លះក្អមដែរឬទេ?

លោក រ័ត្ន សណ្ដាប់ បានបន្ដថ្លែងទៀតថា ស្ថិតក្នុងន័យនេះ បើយើងនិយាយអំពីកំណើនធនធានមនុស្ស និង វិស័យផ្សេងៗរបស់កម្ពុជានៅពេលនោះ គឺច្បាស់ណាស់! កូនចៅយើងជំនាន់ក្រោយៗនោះ នឹងសុទ្ធតែជាកុល បុត្រ- កុលធីតាឆ្នើម ពោរពេញដោយកម្លាំងថាមពល មនសិការ ស្មារតី ស្រទ្បាញ់ជាតិ មាតុភូមិពិតប្រាកដ គឺខេមរជនឆ្នើមរបស់កម្ពុជាយើង នឹងមិនយកគម្រូតាមក្រុមប្រឆាំង និងគូកនអ្នកលេង Facebook ខ្លះពីក្រៅប្រទេស ដែលនិយាយប្រមាថទៅដល់ជាតិសាសន៍ និងសមត្ថភាពកូនចៅអ្នកដឹកនាំជំនាន់ក្រោយៗនោះឡើយ។

បើពោលឲ្យចំ សូម្បីតែកូនចៅជំនាន់ក្រោយ ដែលមានឈាមជ័រជាប់ពីខ្សែសាច់សាលោហិតជីតាលួត ជីតាលា របស់ពួកគេ ដែលជេរប្រមាថមកលើស្រុកទេសរបស់ខ្លួនមិនចេះហត់នឿយ ហើយបានប្រកាសក្ដែងៗថា នឹងមិនចង់កើតជាខ្មែរ ព្រោះមិនចង់មកចាប់កំណើតក្នុងផ្ទៃរបស់ម្ដាយខ្លួនជាថ្មីទៀត ដោយប្រកាសកាត់កាលចោលដល់ខ្មោចម៉ែឪរបស់ខ្លួនទាំងកំរោល គេនឹងមិនយកគម្រូតាមជីតាលួត ជីតាលារបស់ខ្លួន ដែលគ្រាន់តែជាជនបញ្ចេញវោហាសាស្រ្ដប៉ប៉ាច់ប៉ប៉ោចលើបណ្ដាញសង្គម Facebook ទ្បើងបែកពពុះមាត់ឥតបានការនោះទេ។

អ្នកជំនាញអារ្យធម៌ខ្មែរ បានថ្លែងថា ទង្វើរបស់ក្រុមប្រឆាំង និងគូកនរបស់ពួកគេដែលស្រែកក្ដែងៗធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងអះអាងថា តំបន់អភិវឌ្ឍត្រីកោណ CLV-DTA នឹងត្រូវបាត់បង់ជាស្វ័យប្រវត្ដិនៅពេល១០០ឆ្នាំខាងមុខ គឺគ្រាន់តែជាពាក្យសំដីយកចិត្ដយកថ្លើមទៅដល់យមរាជប្រទេសជិតខាង ដើម្បីឲ្យយមរាជប្រទេសនោះ បើកទ្វារនរកឲ្យព្រលឹងខ្លួនបានចាប់កំណើតកើតជាឈាមជ័រប្រទេសជិតខាងជាស្វ័យប្រវត្តិតែប៉ុណ្ណោះ ។ ព្រោះខ្លួនបានស្បថដល់យមរាជខ្មែរថា នឹងឈប់កើតជាខ្មែរទៀតហើយ ដើម្បីបង្ហាញពីភក្តីភាពដ៏ស្មោះត្រង់ដល់យមរាជប្រទេសជិតខាង។

ដូច្នេះចំពោះទង្វើវោហាសាស្រ្ដរបស់ក្រុមប្រឆាំង និងគូកនទាំងនេះ គឺគ្មានអ្វឺចម្លែកដែលត្រូវពិចារណាទេ ហើយក៏មិនខុសពីក្នុងទស្សនខ្មែរដែលតែងនិយាយលេងសើចថា មនុស្សមានគំនិតជាសត្វត្រដេវវិចដេកភ័យយកជើងទ្រមេឃ ខ្លាចមេឃបាក់រលំសង្កត់មកលើខ្លួននោះឡើយ៕
ដោយៈគង់ សុផុល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner