អភិបាលខេត្តព្រះវិហារ អំពាវនាវ មន្ត្រីរាជការ និងសាធារណៈជន ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលកំពុងមានតម្រូវការជាចាំបាច់
(ខេត្តព្រះវិហារ)៖ ក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្ដល់ ឈាម ផ្ដល់ក្ដីស្រលាញ់” ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ នៅ ថ្ងៃទី៩កញ្ញា២០២៤ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អំពាវនាវ មន្ត្រីរាជការ និងសាធារណៈជន ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលកំពុងមានតម្រូវការឈាមជាចាំបាច់ ។
ឯកឧត្តម គីម រិទ្ធី បានអរគុណ ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យ ស្លោក “ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់” ហើយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញ កាន់តែច្បាស់ ពីការយល់ដឹងពីអត្ថប្រយោជន៍ នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស សំដៅរួមចំណែក ក្នុងការជួយដល់ជនរងគ្រោះ ដែលមាន តម្រូវការឈាមជាចាំបាច់។
បច្ចុប្បន្ននេះ នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ មានតម្រូវការឈាមគិតជាមធ្យម ត្រូវការឈាមប្រចាំថ្ងៃប្រមាណជា ៣ប្លោក ក្នុង១ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ។
សូមបញ្ជាក់ថា នៅក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ មានអ្នកចូលរួមចំនួន ៥២នាក់ អ្នកមិនមានលក្ខ័ណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន ២៤នាក់ ឈាមដែលបូមបាន ចំនួន ២៨នាក់ ៕






ដោយ ៖ ឡុង សំបូរ