អភិបាលខេត្តរតនគិរី ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចក្រុង ស្រុក ឱ្យពង្រឹងលើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
(ខេត្តរតនគិរី)៖ អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងទាំង៣ ត្រូវធ្វើការបង្ក្រាបក្រុមក្មេងទំនើងឱ្យអស់ ដែលតែងបង្កអសន្តិសុខដល់សង្គម បណ្តាលឱ្យមានការភ័យខ្លាច រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការពារសុវត្ថិភាព ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីពង្រឹងលើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលជាការឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព។

នេះជាប្រសាសន៍ដាស់តឿនរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។

ឯកឧត្តម ញ៉ែម សំអឿន បានស្នើឱ្យគណៈកម្មការរៀបការប្រលង មធ្យមសិក្សាទុតិយភូមិទាំងអស់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវបំពេញ តួនាទី ភារកិច្ច ពិនិត្យតាមដាន និងវាយតម្លៃលើស្ថានភាព ការរក្សាអនាម័យ និងសុវត្ថិភាព ក្នុងពេលមុនដំណើរការ និងពេលដំណើរប្រឡង ត្រូវរក្សាសុវត្ថិភាពឱ្យបានល្អប្រសើរ ។

ឯកឧត្តមអភិបាលខេត្តរតនគិរី បន្តថា អនុគណៈកម្មការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុខុមាលភាព ត្រូវប្រចាំការនៅតាមបរិវេណខាងក្រៅមណ្ឌលប្រឡងនីមួយៗ ជាពិសេសដឹកនាំអនុវត្តវិធានការសុខភាព នៅតាមមណ្ឌលប្រឡងនានា ចាត់តាំងភ្នាក់ងារសុខាភិបាល ដើម្បីសហការជាមួយគណៈមេប្រយោគ នៅតាមមណ្ឌលប្រឡង រៀបចំរថយន្តសង្គ្រោះ និងភ្នាក់ងារសុខាភិបាលប្រចាំការ ដោយមានបំពាក់សម្ភារៈចាំបាច់ សម្រាប់សង្គ្រោះបឋម នៅតាមមណ្ឌលប្រឡង និងត្រូវប្រើប្រាស់រថយន្តបើកផ្លូវក្នុងករណីចាំបាច់នានា ដែលកើតឡើងជាយថាហេតុ ៕
ដោយ៖ឡុង សំបូរ




