ស្ថាប័ន ៤ បានប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកដឹកនាំធុរកិច្ចក្នុងប្រទេសកម្ពុជា ជប៉ុន ថៃ និងតំបន់ដទៃផ្សេងទៀត
ភ្នំពេញ៖ នៅក្នុងដំណាក់កាលដ៏សំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងឱកាសអាជីវកម្មឆ្លងប្រទេស ធនាគារហត្ថា, ធនាគារ MUFG, មជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រួមនិងសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានរួមគ្នាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានគេបញ្ជាក់ថា មានគោលបំណងសំខាន់ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ជប៉ុន ថៃ និងប្រទេសដទៃទៀត ។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្របខ័ណ្ឌដ៏រឹងមាំមួយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នទាំងអស់ ត្រូវបានបង្កើតឡើងក្នុងគោលដៅជំរុញការអភិវឌ្ឍអាជីវកម្ម និងកំណើនសេដ្ឋកិច្ច តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ ។ នៅក្នុងពិធីនោះ ស្ថាប័នទាំង៤ បានប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកដឹកនាំធុរកិច្ចក្នុងប្រទេសកម្ពុជា ជប៉ុន ថៃ និងតំបន់ដទៃផ្សេងទៀត ។ បន្ថែមលើនេះ ភាពជាដៃគូនេះ មានគោលបំណងបង្កើនលទ្ធភាពទទួលបានកាលានុវត្តភាពវិនិយោគឆ្លងប្រទេស ដោយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងតំបន់អាស៊ាន តាមរយៈការប្រើប្រាស់ជំនាញរួមដើម្បីការរីកចម្រើនទាំងអស់គ្នា ។
លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (ម.ស.ក.ជ) បានថ្លែងថា៖ នេះជាកិត្តិយស និងឯកសិទ្ធិដ៏អស្ចារ្យសម្រាប់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (ម.ស.ក.ជ) និងសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជ-ជប៉ុន (ស.ព.វ.ក.ជ) ដែលបានចុះកិច្ចព្រមព្រៀងនេះជាមួយធនាគារ MUFG ដែលជាធនាគារធំមួយក្នុងប្រទេសជប៉ុន និងធនាគារហត្ថា ដែលជាធនាគារមួយ ក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា។ យើងជឿជាក់ថា អនុស្សរណៈយោគយល់នេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូកាន់តែជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងស្ថាប័នរបស់យើង។ ក្នុងទ្រង់ទ្រាយតូច ភាពជាដៃគូនេះ នឹងនាំមកនូវអត្ថប្រយោជន៍ទៅវិញទៅមក តាមរយៈសកម្មភាពអាជីវកម្មជាច្រើន រួមទាំងការផ្គូរផ្គងអាជីវកម្ម និងការណែនាំអតិថិជនសក្តានុពល ទៅកាន់ធនាគារ ។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានលើកឡើងផងដែរថា កិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការពង្រឹងទំនាក់ទំនងអាជីវកម្ម និងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលគាំទ្រដល់កំណើន និងនិរន្តរភាពនៅទូទាំងតំបន់”។
លោក បានបញ្ជាក់ថា ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅកម្ពុជាអស់រយៈកាល ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន ។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ ដោយផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងប្រទេសថៃ ដែលមានអាយុកាលអាជីវកម្មជាង ៧៨ឆ្នាំ ៕
ដោយ ៖ គង់ សុផល