អ្នកឧកញ៉ា គួច ម៉េងលី ដាស់តឿនមហាជន ខិតខំពង្រឹងសន្តិភាពផ្លូវចិត្ត តាមជំនឿសាសនា និងលើកទស្សនៈវិជ្ជាមួយថា អ្វីដែលមើលមិនឃើញ ពុំគួរជឿជាក់ឡើយ

ភ្នំពេញ៖ ក្នុងឱកាសសម្ពោធការបោះពុម្ពសៀវភៅថ្មី ដែលមានចំណងជើងថា «ធម្មជាតិក្នុងចិត្ត» និពន្ធដោយអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅបណ្ណាគារ អន្តរជាតិ សាខាទួលគោក ក្នុងមូលដ្ឋានសង្លាត់បឹងកក់ទី២ ខណ្ឌទួលគោក អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលីជេ អេឌ្យូខេសិន បានថ្លែងដាស់តឿនមហាជន ខិតខំពង្រឹងសន្តិភាពផ្លូវចិត្ត តាមជំនឿសាសនា ដែលខ្លួនបដិបត្តិ និងបានលើកទស្សនៈវិជ្ជាមួយថា អ្វីដែលមើលមើលឃើញ ពុំគួរជឿជាក់ឡើយ ។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា វណ្ណកម្មថ្មី សៀវភៅទី១២ «ធម្មជាតិក្នុងចិត្ត» ជាការបណ្តុះផ្នត់គំនិតឱ្យស្រឡាញ់សន្តិភាព ធម្មជាតិ និងបរិស្ថាន និងឆ្លុះបញ្ចាំងពីដំណើរអញ្ជើញរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងតំណាងពុទ្ធសាសនិកកម្ពុជា នៅឯវិមានវ៉ាទីកង់ ក្នុងរាជធានីវ៉ាទីកង់ ប្រទេសម៉ូណាកូ កាលពីដើមឆ្នាំ២០២៣ កន្លងទៅ និងទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ដែលមានសារសំខាន់ៗ ហើយត្រូវបានលើកយកមកពិភាក្សាទាក់ទងនឹងសន្តិភាពដែលគួរបណ្តុះពីក្នុងចិត្ត, ការចូលរួមស្រឡាញ់ និងថែរក្សាធម្មជាតិ, ការផ្សះផ្សារបួសក្នុងធម្មជាតិ, សេរីភាពក្នុងការគោរព និងបដិបត្តិសាសនាផ្សេងៗនៅក្នុងប្រទេសកម្ពុជា, វិបត្តិមនុស្សជាតិ បង្កឡើងដោយសង្គ្រាម, វិបត្តិមនុស្សជាតិ បង្កឡើងដោយជម្លោះសាសនា, វិបត្តិបរិស្ថាន បង្កឡើងដោយមនុស្សនិងសង្គ្រាម, ភាពលោភលន់ បង្កឱ្យមានវិបត្តិរ៉ាំរ៉ៃក្នុងសង្គម, ផលវិបាកចំពោះមនុស្ស និងហេដ្ឋារចនាសម្ពន្ធសង្គមក្រោយសង្គ្រាមផុតរលត់ទៅ និងបញ្ហាវិបត្តិផ្លូវចិត្តរបស់ប្រជាជនខ្មែរនៅឯបរទេស ។ វណ្ណកម្មថ្មីនេះ មានតម្លៃសម្រាប់អ្នកអានគ្រប់វ័យ ដើម្បីបង្កើនចំណេះដឹង សិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមអំពីសន្តិភាព ការគោរពប្រតិបត្តិសាសនានៅកម្ពុជា និងការបង្កើតសន្តិភាពផ្លូវចិត្តតាមជំនឿសាសនាដែលយើងគោរពផងដែរ ។

សូមជម្រាបថា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី, លោកឪ គង់ វៀល បូជាចារ្យព្រះសហគមន៍កាតូលិក និងលោក សាន សុជា អតីតភិក្ខុសង្ឃដ៏ល្បី ធ្លាប់បានអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប ចំនួន ៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ នេះជាដំណើរពិសេសមួយ ដែលមានឈ្មោះថា «Rome Monaaco Paris (RMP) Friendship Tour January 2023 Provisional Program» ឬហៅជាខេមរភាសាថា «ដំណើរទស្សនកិច្ចមិត្តភាពទៅកាន់ទីក្រុងរ៉ូម ម៉ូណាកូ ប៉ារីស (RMP) ខែមករា ឆ្នាំ២០២៣» ។

ពួកគាត់បានចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៊ីស (Holiness Pope Francis) នៅវិមានវ៉ាទីកង់, ចូលរួមកម្មវិធីពិសេសនៅទីក្រុងម៉ូណាកូ ដែលក្នុងនោះក៏មានការចូលគាល់ព្រះអង្គម្ចាស់ អាល់ប៊ឺតទី២ នៃម៉ូណាកូ (His Serene Highness Prince Albert II of Monaco) និងបានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសន្និសីទនៅទីក្រុងប៉ារីស ប្រទេសបារាំង លើប្រធានបទស្តីអំពី «ការកែប្រែជំនឿ នេក្ខម្មបារមី និងបរិស្ថានវិទ្យា – Conversion, Spiritual Detachment and Ecology» ។ កម្មវិធីនេះ ត្រូវបានរៀបចំដោយលោកឪ គង់ វៀល ។

បើតាមលោកឪ គង់ វៀល មូលហេតុដែលលោកអញ្ជើញលោក សាន សុជា និងអ្នកឧកញ៉ា គួច ម៉េងលី ក៏ព្រោះតែមើលឃើញថា លោកទាំងពីរជាបញ្ញវន្តខ្មែរ ពូកែនិយាយរឿងសង្គម ថែមទាំងដុសខាត់គំនិតប្រជាពលរដ្ឋ ឲ្យមានចំណេះដឹង និងសន្តិភាពផ្លូវចិត្ត ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក តាមរយៈគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានប្រើពេលអស់ជិត ២ឆ្នាំ និងចំណាយធនធានយ៉ាងច្រើន ដើម្បីគាំទ្រដល់ដំណើរការផលិតស្នាដៃនេះឱ្យលេចចេញជារូបរាងឡើង។ ចំពោះរាល់ចំណូលពីការលក់ស្នាដៃនេះ នឹងត្រូវបរិច្ចាគចូលមូលនិធិ ម៉េងលី ជេ. គួច ដើម្បីគាំទ្រដល់សកម្មភាពជួយសង្គ្រោះប្រជាជន ដែលងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា ។

ប្រសិនបើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់ពីខ្លឹមសារសំខាន់ៗនៅក្នុងសៀវភៅ «ធម្មជាតិក្នុងចិត្ត» អាចរកទិញស្នាដៃនេះបាននៅបណ្ណាគារ អន្តរទ្វីប គ្រប់សាខា, បណ្ណាគារ អន្តរជាតិ, បណ្ណាគារ បញ្ញវន្ត, បណ្ណាគារ គីនូគុនីយា(ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ) ជាដើម ដែលមានតម្លៃត្រឹមតែ ៣៤ ៩០០រៀល ឬ ៨.៥ដុល្លារក្នុងមួយក្បាល ៕

អត្ថបទ៖ វណ្ណលុក
រូបផាព៖សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner