ចំណតផែកុងតឺន័របន្ថែម របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានតម្លៃជិត ៤០លានដុល្លារ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកនេះ
ភ្នំពេញ៖ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានតម្លៃជិត ៤០លានដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៣កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ន ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ម៉ែត្រ និងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប រួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QGC ចំនួន ២គ្រឿង, និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG ចំនួន ៦គ្រឿង រួមទាំងការបំពាក់សម្ភារបរិក្ខារសំខាន់ៗផ្សេងទៀត ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមនេះ បានប្រមាណ ៤៥ម៉ឺនTEUs/ឆ្នាំ។
ឯកឧត្តម ប៉េង ពោធិ៍នា បានបន្ថែមថា ចំណតផែកុងតឺន័រ បន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី៥៥ម៉ឺនTEUs ក្នុង ១ឆ្នាំ ទៅ ១លាន TEUs ក្នុង ១ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រ មានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយ នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កើនឡើងរហូតដល់ ៤៩,២៥ភាគរយ ។
គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុបប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះ ថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ ការដោះស្រាយពន្ធអាករផ្សេងៗ ។
សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននឹងកំពុងខិតខំបង្កើនគុណភាពសេវាកម្មអោយកាន់តែប្រសើរឡើង តាមរយៈការបំពាក់បន្ថែមនូវគ្រឿងចក្រទំនើបៗ ការពង្រឹងសមត្ថភាព និយោជិតកម្មករ ព្រមទាំងការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិ សំដៅបង្កើនល្បឿនប្រតិបត្តិការ និងកាត់បន្ថយហានិភ័យនានា ក៏ដូចជាពេលវេលារបស់អតិថិជន និងអ្នកប្រើប្រាស់ផែ ដើម្បីក្លាយជាមជ្ឈមណ្ឌលចែកចាយឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន ។
មានទីតាំងភូមិសាស្ត្រ ស្ថិតនៅចំណុចយុទ្ធសាស្ត្រតាមបណ្ដោយឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានសក្ដានុពលប្រសើរជាងគេ ស័ក្កិសមសម្រាប់កំពង់ផែទឹកជ្រៅ ដោយមានទីតាំងស្ថិតនៅជិតខ្សែសមុទ្រទឹកជ្រៅ ចំណាយតិចបំផុតក្នុងការធ្វើប្រឡាយនាវាចូលចត និងពុំចាំបាច់ចំណាយសម្រាប់ការបូមស្ដារជាប្រចាំ ។ ផ្អែកលើកត្តាភូមិសាស្ត្រអំណោយផល គួបផ្សំនឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងនិយោជិតកម្មករទាំងអស់របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្ដេជ្ញាចិត្តត្រៀមខ្លួន ដើម្បីផ្ដល់សេវាកម្មប្រសើរបំផុត និងឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងសំណូមពររបស់អតិថិជន និងអ្នកប្រើប្រាស់ផែ ដើម្បីរួមដំណើរឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាសហគ្រាសសាធារណ: ដែលមានគុណភាពប្រតិបត្តិការ ប្រហាក់ប្រហែលនឹងកំពង់ផែនានាក្នុងតំបន់ ក៏ដូចជា សាកលលោក ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្តល់សេវាកម្មមានគុណភាពល្អ ឆាប់រហ័ស ទាន់ពេលវេលា តំលៃសមស្រប និងមានលក្ខណ:ប្រកួតប្រជែងជាមួយកំពង់ផែផ្សេងៗទៀតក្នុងតំបន់កសស មានសេវាកម្មសំខាន់ៗដូចជា៖ ១ – សេវាកម្មនាវាចរ, ២ – សេវាលើកដាក់ទំនិញ, ៣ – សេវាស្តុកទំនិញ, ៤ – សេវាដឹកជញ្ជូន, ៥ – តំបន់សេដ្ឋកិច្ចពិសេស, ៦ – សេវាភស្តុភារ មូលដ្ឋានផ្គត់ផ្គង់ការរុករកប្រេង ។ល៕
ដោយ:វណ្ណលុក