អភិបាលស្រុកស្ទោង ណែនាំដល់អ្នកទទួលសាងសង់ផ្លូវឱ្យអនុវត្តតាមបទដ្ឋានបច្ចេកទេសនិងកិច្ចសន្យា
កំពង់ធំ៖លោក សាយ គឹមឡម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤។
ក្នុងឱកាសនេះលោកបានណែនាំដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ជំនាញបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធត្រូវតាមដានពិនិត្យ រាល់សកម្មភាពសាងសង់ផ្លូវនេះដើម្បីគុណប្រយោជន៍រួមទាំងអស់គ្នា។ជាពិសេសទទួលបាននូវផ្លូវក្រួសក្រហមតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា និងគុណភាព ប្រយោជន៍ប្រើប្រាស់បានយូរអង្វែង និងត្រូវសិក្សាឱ្យបានលម្អិតនូវប្រព័ន្ធលូរំដោះទឹក ជាពិសេសជាប្រព័ន្ធលូជ្រុងប្រកបដោយបទដ្ឋានបច្ចេកទេសនិងនីវ៉ូត្រឹមត្រូវ។
លោក ទាវ វីរៈសមរ៉ា ម្ចាស់ក្រុមហ៊ុនទាវវីរ:សមរ៉ាបានអះអាងថានឹងកសាងផ្លូវនេះទៅតាមបទដ្ឋានចេកទេសកិច្ចសន្យាព្រមទាំង ឱ្យបានទាន់ពេលវេលា និងគុណភាពខ្ពស់ផងដែរ។
សូមជម្រាបថា ផ្លូវដែលដាក់ឱ្យដេញថ្លៃមានប្រវែង៤,៩គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ដីស០,៥ម៉ែត្រ ក្រួសក្រហម កម្រាស់០,១៥ម៉ែត្រ និងស្លាកគម្រោងមួយ មានតម្លៃសរុបជាង៣៦២ លានរៀលជាថវិកាមូលនិធិឃុំឆ្នាំ២០២៤៕
ដោយ៖ប៊ុន រដ្ឋា