សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ ស្តីពីកិច្ច​សហ​ប្រតិ​បត្តិ​ការគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សា​វប្បធម៌អាស៊ី នៃ កម្ពុជា

កូរ៉េខាងត្បូង៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ច​សហប្រតិបត្តិការ​គម្រោង​ចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅ ខេត្ត​ឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ដើម្បីរួមចំណែក​លើក​កម្ពស់ចំណងមិត្តភាព និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរតាមរយៈការចែក​រំលែក​បទពិសោធន៍ជោគជ័យ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជនបទ និងចលនា​ភូមិថ្មីរបស់កូរ៉េ។គោលបំណងនៃ MOU នេះគឺដើម្បីលើកកម្ពស់ចលនាភូមិថ្មីសម្រាប់​ការអភិវឌ្ឍជនបទនៅកម្ពុជា ក្នុងនោះភាគីទាំងពីរនឹងចូលរួមនិងសហការគ្នាយ៉ាងសកម្ម ដើម្បីធានានូវភាពជោគជ័យលើកិច្ចការនេះ។

វិសាលភាព នៃកិច្ចសហប្រតិបត្តិការវិសាលភាព នៃគម្រោងសហប្រតិបត្តិការធ្វើ​ឡើង​តាម​​រយៈកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរមានដូចជា ៖ ការអនុវត្តគម្រោងអភិវឌ្ឍន៍​ជនបទរួមមាន ការបង្កើត និងដំណើរការកសិដ្ឋានឆ្លាតវៃ កសិកម្មមេកានិក និងប្រព័ន្ធ​គាំទ្រកសិកម្ម។ ការលើកកម្ពស់គម្រោងសុខភាពសាធារណៈ រួមមានសេវាចល័ត​បុគ្គលិក​ពេទ្យសាធារណៈ ការងារពេទ្យស្ម័គ្រចិត្ត និងកិច្ចដំណើរគ្លីនិកមន្ទីរពេទ្យ​ក្នុងស្រុក។

ដំណើរការសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្របមួយ ការពង្រីកការផ្លាស់ប្តូរធនធាន​មនុស្សរវាងសាកលវិទ្យាល័យ។ល។ ការគាំទ្រការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត​សម្រាប់កម្មវិធីចលនាភូមិថ្មី បង្កើត និងដំណើរការ មជ្ឈមណ្ឌលចលនាភូមិថ្មី និងការ​បណ្តុះបណ្តាលបុគ្គលិកសំខាន់ៗអំពីចលនាភូមិថ្មី។ កិច្ចសហប្រតិបត្តិការក្នុង​វិស័យ AI និងឌីជីថល ព្រមទាំងការផ្លាស់ប្តូរវប្បធម៌។

បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជាបាន​ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងអាហារស្វាគមន៍ដោយ ឯកឧត្តម លី ឈុលរ៉ូ អភិបាលខេត្តស្យុងសាងប៊ុកដូ ៕

ដោយ ៖ វណ្ណលុក
ប្រភព ៖ ទទក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner