ក្រសួងការបរទេស និងក្រសួងអធិការកិច្ច ចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងអធិការកិច្ច។
អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាដៃគូរវាងស្ថាប័នទាំងពីរដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជំនាញការទូត និងទំនាក់ទំនងអន្តរជាតិពាក់ព័ន្ធនឹងវិស័យអធិការកិច្ច។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លើកឡើងថា សច្ចភាពដ៏សំខាន់នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ គឺពិតជាបានសបញ្ជាក់ពី ការរួមចំណែកយ៉ាងសកម្ម បុរេសកម្ម និងអន្តរសកម្ម របស់ក្រសួងទាំងពីរ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល បានកំណត់នូវអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា រដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ បានឆ្លើយតបទៅនឹងអាទិភាពគន្លឹះរបស់ រាជរដ្ឋាភិបាល និងចក្ខុវិស័យទី២ របស់ក្រសួងអធិការកិច្ច ដែលផ្តោតលើ ការកសាងនឹងអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជា មូលធនមនុស្ស ដែលជាកត្តាកំណត់ក្នុងការសម្រេចបាននូវទិសដៅដែលបានដាក់ចេញ ដើម្បីចូលរួមធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានគូសបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងជំរុញការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដល់មន្ត្រីរាជការ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ជាទីបញ្ចប់ ក្រសួងអធិការកិច្ច និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានជំនឿយ៉ាងមុតមាំថា ការ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជួយពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្នុងការបំពេញការងារភ្ជាប់ ទំនាក់ទំនងជាមួយភាគីអន្តរជាតិឱ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ