មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិច
បាត់ដំបង៖ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០និងលើកទី២០នៅកម្ពុជា ក្រោមប្រធានបទ៖ ” ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទង តាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត ” បានប្រារព្ធក្រោមអធិបតីភាពលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបងនៅក្នុងសហគមន៍ជនជាតិដើមភាគតិចព័រ ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត កាលពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងពិធីដែលរៀបចំឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានរំលឹកថា ការប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិច គឺធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមការលើកគុណតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់,ភាសានិងបង្កើនការចូលរួមពីជនជាតិដើមភាគតិចក្នុងការធ្វើផែនការនិងវាយតម្លៃនៃដំណើរការធ្វើផែនការអភិវឌ្ឍន៍ក្នុងសហគមន៍ជនជាតិដើមភាគតិចនិងផែនការអភិវឌ្ឍន៍ជាតិ។
លោក វ៉ាន់ ថុល បន្តថា ជនជាតិដើមភាគតិចមានប្រពៃណី និងអត្តសញ្ញាណមួយចំនួនដោយឡែកពីពលរដ្ឋទូទៅ តាមរយៈការប្រតិបត្តិ និងពីរបៀបរស់នៅ ការសែនព្រេន ការអាស្រ័យផលនិងការប្រើប្រាស់ភាសារបស់ខ្លួន។បច្ចុប្បន្នជនជាតិដើមភាគតិចមានភាពប្រែប្រួលមួយចំនួនគួរឱ្យកត់សម្គាល់ ដោយបានផ្លាស់ប្ដូរឥរិយាបថនិងពុំសូវប្រកាន់ប្រពៃណីទំនៀមទម្លាប់ដូនតា ដោយសារទទួលឥទ្ធិពលពីការរីកចម្រើនៃបច្ចេកវិទ្យា។
លោកប្រធានមន្ទីរបានបន្ថែមថា ដើម្បីអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ ជនជាតិដើមភាគតិចឱ្យបានឋិតថេរយុវជនជាជនជាតិដើមភាគតិចមានតួនាទីសំខាន់ក្នុងការកៀរគរនិងខិតខំប្រមូលផ្ដុំយុវជនជាជនជាតិដើមភាគតិចនៅតាមតំបន់ផ្សេងៗត្រូវខិតខំរួមគ្នាសិក្សា ចងក្រងសិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច។ យុវជនជនជាតិដើមភាគតិចត្រូវធ្វើជាតួអង្គយ៉ាងសំខាន់បំផុតក្នុងការអភិវឌ្ឍនិងការអភិរក្ស ដើម្បីសំដៅដល់ការដឹកនាំគ្រប់គ្រងថែរក្សា នូវ អត្តសញ្ញាណ វប្បធម៌ ប្រពៃណី ដីធ្លីនិងធនធានធម្មជាតិជាសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចរបស់ខ្លួនឱ្យបានគង់វង្សតទៅមុខ។
មានវត្តមានក្នុងឱកាសនេះដែរ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរ និងកងកម្លាំងនៅមូលដ្ឋានឃុំ ស្រុក ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ក្នុងការជួយអភិវឌ្ឍន៍ ជួយលើកស្ទួយជីវភាពរស់នៅបងប្អូនជនជាតិដើមភាគតិច ជាពិសេសរួមគ្នាទប់ស្កាត់ពីការបំពានដី។លោកក៏បានជំរុញឱ្យជួយថែរក្សាការពារដីសហគមន៍ ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.