នាំអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនទីបញ្ជាការស្រាលប្រចាំការ ការពារភូមិសាស្ត្រព្រៃឡង់
កំពង់ធំ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភថវិកា គ្រឿងឧបភោគ បរិភោគ និងប្រេងឥន្ធៈដល់ទីបញ្ជាការស្រាលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ នៅតំបន់អូរអាចម៍ដៃក ក្នុងភូមិសាស្ត្រព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងសហការីបាននាំយកអំណោយសម្ដេចធិបតី ទៅប្រគល់ជូនទីបញ្ជាការស្រាលប្រចាំការកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
លោក លី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានទីបញ្ជាការស្រាលប្រចាំទិសអូរអាចម៍ដែកក្នុងតំបន់ព្រៃឡង់ បានឱ្យដឹងពីលទ្ធផលនៃការប្រើប្រាស់កម្លាំងចម្រុះក្នុងការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការការពារធនធានធម្មជាតិ ក្នុងរយៈពេលកន្លងមក។
ក្នុងឱកាសនេះដែរឯកឧត្តមមេបញ្ជាការបានកោតសរសើរ កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីឧទ្យានុរបរិស្ថាន ដែលបានខិតខំរួមគ្នាក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយទទួលខុសត្រូវ ដោយមិនមានការកាប់ទន្ទ្រានជាថ្មី៕
ដោយ៖ ប៊ុន រដ្ឋា