អភិបាលខេត្តស្ទឹងត្រែងនាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតទៅចែកជូនកងកម្លាំងនៅតំបន់ព្រំដែនកម្ពុជា-ឡាវ
ស្ទឹងត្រែង៖កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ អភិបាលខេត្ត ស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា ។អំណោយនេះក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងពិធីភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៨ ខែកញ្ញាឆាប់ៗខាងមុខ។
ក្នុងពិធីផ្តល់អំណោយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចកោះទន្សាយនាទីបញ្ជាការដ្ឋានស្រាលយោធភូមិភាគទី១ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឯកឧត្តម សរ សុពុត្រា បាននាំការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ សែន ប្រធានព្រឹទ្ធសភាជាតិ ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ទាំងនៅទិសជួរមុខ និងជួរក្រោយ។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចូលរួមថែរក្សាបាន នូវសុខសន្តិភាព ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវ រួមមាន៖ កម្លាំងបញ្ជាការដ្ឋានស្រាលយោធភូមិភាគទី១និងកម្លាំងកងពលតូចអន្តរាគមន៍លេខ១២៨ ទទួលបានដូចគ្នា មាន អង្ករ ២តោន ,ត្រីខកំប៉ុង ២កេស ,មីម ៥០កេស ,ទឹក្រូច ២០កេស ,ទឹកបរិសុទ្ធ ១០០យួរ ,ភួយ ២០០ និងថវិកា ៣លានរៀល៕
អត្ថបទនិងរូបភាព៖ឡុង សំបូរ