ស្ថានទូតបារាំងនឹងបើកទ្វារឱ្យសាធារណជនចូលទស្សនាក្នុងទិវាបេតិកភណ្ឌអឺរ៉ុប

ភ្នំពេញ៖ ស្ថានទូតបារំាងប្រចាំ​កម្ពុជា​បានប្រកាសឱ្យដឹងថា ស្ថានទូត​នឹងបើកទ្វារសាជាថ្មីជូនសាធារណជនចូល​ទស្សនា​នៅ​ថ្ងៃសៅរ៍​ទី២១ ខែកញ្ញាឆ្នាំ២០២៤ខាងមុខ​ចាប់ពីម៉ោង៨ព្រឹកដល់​រហូតម៉ោង៤​រសៀល (រួមទាំងពេលថ្ងៃត្រង់ផងដែរ)។ការណ៍នេះ​ បន្ទាប់​ពីបានស្វាគមន៍អ្នក​ចូល​ទស្សនាជាង៥ ៣០០នាក់កាលពីឆ្នាំមុនដែលជាចំនួនដ៏ច្រើន​មិនធ្លាប់មាន។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាកាលពីថ្ងៃទី១៧ ខែកញ្ញា​បានរំលេចថា​ព្រឹត្តិការណ៍នេះធ្វើ​ឡើងនៅក្នុង​ក្របខ័ណ្ឌ​នៃទិវាបេតិកភណ្ឌអឺរ៉ុបដើម្បីអនុញ្ញាតឱ្យ​សាធារណជនអាចស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូត ដែលពោរពេញ​ដោយ​ប្រវត្តិសាស្រ្ត និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ៤,៧ហិកតា ដែលជាតំបន់បៃតង​ធំជាងគេមួយនៅ​ភ្នំពេញ ហើយក៏ជាជម្រក​នៃ​ជីវៈចម្រុះ ក្នុងនោះមានដើមឈើជាង២០០ដើមត្រូវជាប្រមាណ​៥០​ប្រភេទ និង​សត្វប្រមាណ៣០​ប្រភេទ ដូចជាសត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។ អ្នកទស្សនាក៏នឹងឃើញផងដែរនូវទ្វាររបង​ចាស់មួយ​របស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេល​ដួលរលំក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពោលគឺកាលពីជិត៥០ឆ្នាំមុន។

ស្ថានទូតបញ្ជាក់ថា ដំណើរកម្សាន្តអមដោយការពន្យល់ពីមគ្គុទ្ទេស​ក៍ជាភាសាខ្មែរ បារាំង និងអង់គ្លេស។ការទស្សនាធ្វើឡើង​ដោយ​សេរី និងមិនបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹកដែលតម្រូវ​ឱ្យមានការ​ឈរតម្រង់​ជួរ។ កាបូបធំៗ និងរបស់របរដែលអាចបង្កគ្រោះថ្នាក់មិនអនុញ្ញាតឱ្យយក​ចូលក្នុងស្ថានទូតឡើយ។ អ្នកទស្សនាអាចយក​មកជាមួយ​នូវទឹក​សម្រាប់ទទួលទាន និងត្រូវពាក់ស្បែកជើងសមស្របសម្រាប់ការ​ដើរទស្សនានៅក្នុងឧទ្យាន ដែលកន្លែងខ្លះមាន​ក្រាលថ្មតូចៗ និងខ្លះទៀតជាស្មៅ។

សេចក្តីប្រកាសព័ត៌មានបាន​រំលឹកថា ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ដោយ​ប្រទេសបារាំង ទិវាបេតិកភណ្ឌអឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធ​នៅក្នុង​ប្រទេសជាង៥០។ នៅកម្ពុជា អគារដែលមានតម្លៃបេតិកភណ្ឌគួរឱ្យកត់​សម្គាល់ផ្សេងៗទៀតក៏នឹងបើកទ្វារសម្រាប់សាធារណ​ជន​ចូលទស្សនានៅថ្ងៃទី២១កញ្ញាផងដែរ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាដែលនឹងបើកឱ្យទស្សនាជាលើកទីមួយ ការិយាល័យ​អង្គការ​យូណេស្កូ សាកលវិទ្យាល័យភូមិន្ទ​វិចិត្រសិល្បៈ និងអភិរក្សដ្ឋានអង្គរនៅ​ខេត្តសៀមរាប។ ម៉ោងពេល និងបែបបទទស្សនា​ត្រូវបានកំណត់ដោយ​ស្ថាប័ននីមួយៗ៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner