ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះសាកសួរសុខទុក្ខអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ បានអញ្ជើញសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ក្នុងសម័យសង្គ្រាម ដែលមានជីវភាពលំបាកខ្វះខាត ៤០ គ្រួសារ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោបានពនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន គ្រប់ទីកន្លែង។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំក៏បានផ្តល់នូវ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុងដែលជាអំណោយមនុស្សធម៌របស់សម្ដេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ៕
ដោយ៖ ប៊ុន រដ្ឋា