អភិបាលខេត្តក្រចេះនាំយកអំណោយទៅចែកដល់ប្រជាពលរដ្ឋជាង ៤២គ្រួសារដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ
ក្រចេះ៖ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ឯកឧត្តម វ៉ា ថន កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីខេត្ត ក្រុង មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ៤២គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ នៅលើទីទួលសុវត្ថិភាពមួយកន្លែង ស្ថិតក្នុងសង្កាត់ក្រចេះ និងសង្កាត់អូរប្ញស្សី នៃក្រុងក្រចេះ ។

អំណោយដែលផ្តល់ជូន ប្រជាពលរដ្ឋទាំង ៤២គ្រួសារមាន៖ អង្ករ, មុង, មី, ត្រីខកំប៉ុង, កៅស៊ូតង់ និងថវិកាមួយចំនួន ។

ក្នុងឱកាសនេះឯកឧត្តម វ៉ា ថន បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេចតែងនឹករលឹក និងយកចិត្តទុកដាច់ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ។ឯកឧត្តមក៏ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ខិតខំថែទាំសុខភាពឱ្យបានល្អ ជាមួយនឹងការរស់នៅស្អាត ហូបស្អាត ផឹកទឹកស្អាត ។

បន្ទាប់មកឯកឧត្តមអភិបាលខេត្តក្រចេះ ក៏បានចុះទៅពិនិត្យទីតាំងដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ និងទីដែលបានជម្លៀសសត្វពាហនៈមកទីទួលសុវត្ថិភាព ស្ថិតនៅក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ និងឃុំបុសលាវ ស្រុកចិត្របុរី ៕
ដោយ៖ឡុង សំបូរ

