រដ្ឋបាលខេត្តបាត់ដំបងអះអាងថា បុណ្យអុំទូក-បណ្ដែតប្រទីបឆ្នាំ២០២៤នេះនឹងប្លែកជាងឆ្នាំមុនៗ
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបសម្រាប់ឆ្នាំ២០២៤នេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៧ ខែតុលាឆ្នាំ២០២៤ដើម្បីអបអរសាទរពិធីបុណ្យថ្ងៃចេញព្រះវស្សាផងនិងបង្កនូវបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែកញ្ញា ក្នុងពេលដឹកនាំកិច្ចប្រជុំ បានណែនាំដល់ថ្នាក់ដឹកនាំក្រុមការងារទទួលបន្ទុករៀបចំ និងរដ្ឋបាលក្រុងស្រុក តាមបណ្តាស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវណែនាំបំផុសឱ្យប្រជាពលរដ្ឋត្រូវរៀបចំប្រទីបធ្វើពីស្លឹកឈើធម្មជាតិជំនួសឱ្យការធ្វើប្រទីបពីស្នោរប្លាស្ទិក ដើម្បីចៀសវាងពីផលប៉ះពាល់ដល់បរិស្ថាន និងដើម្បីថែរក្សាអនាម័យបរិស្ថានទឹកក្នុងស្ទឹងសង្កែ។
ឯកឧត្តម សុខ លូ បានអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដែលធ្លាប់បានរៀបចំនូវកន្ទោងប្រទីបធ្វើអំពីជ័រ ឬប្លាស្ទិក ធ្លាប់បានធ្វើរយៈពេលកន្លងមកសូមប្តូរជំនួសដោយការធ្វើពីដើមចេក ស្លឹកចេក ស្លឹកត្នោត ឬ ប្រភេទស្លឹកឈើធម្មជាតិផ្សេងៗ ។នេះដើម្បីបង្ហាញពីការចូលរួមចំណែកលើកស្ទួយតម្លៃជាតិ តម្លៃវប្បធម៌ប្រពៃណី និងបរិស្ថានសង្គមកាន់តែប្រសើរ ជាពិសេសដើម្បីការបណ្តុះនូវស្មារតីទាំងអស់គ្នា ដើម្បីជំរុញក្នុងការថែរក្សានូវអនាម័យបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីក្នុងខេត្តឱ្យបានកាន់តែល្អប្រសើរ ដើម្បីប្រែក្លាយក្រុងបាត់ដំបង ទៅជាទីក្រុងវៃឆ្លាត( Smart City) និងជាទីក្រុង បៃតង។
ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានណែនាំដល់ក្រុមការងារត្រូវពិនិត្យឡើងវិញលើការរៀបចំនូវកម្មវិធីកម្សាន្តសប្បាយផ្សេងៗធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ ប្លែកៗជាងឆ្នាំមុនៗ។ ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបឆ្នាំ២០២៤នេះ នឹងមានប្រទីបខ្នាតធំខុសប្លែកពីឆ្នាំមុនៗនិងច្រើនជាងឆ្នាំមុនៗ ។
តាមកម្មវិធីពិធីបុណ្យអុំទូកឆ្នាំនេះ ក៏មានការប្រណាំងទូក “ង” ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមួង ទូកផ្កាចារ និងនៅពេលរាត្រីក៏មានរៀបចំបណ្ដែតប្រទីប បង្ហោះគោមនិងបាញ់កាំជ្រួច ជាដើម។ពិសេសរាត្រីថ្ងៃទី១៧ ខែតុលា នឹងមានការដង្ហែប្រទីបក្នុងស្ទឹងសង្កែ គឺដើម្បី រម្លឹកគុណព្រះគង្គានិងសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅចំពោះព្រះគ
ង្គា ដែលបានផ្តល់ដីដ៏មានជីវជាតិល្អ ផូរផង់ បម្រើដល់វិស័យកសិកម្ម និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ៕
អត្ថបទនិងរូបភាព៖ អ៊ុក សំអាន បប.