លោក ហ្សេលេនស្គី ទៅអាមេរិកពន្យល់ពីផែនការសង្គ្រាមដល់លោក បៃដិន
វ៉ាស៊ីនតោន : មេដឹកនាំអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានមកដល់សហរដ្ឋអាមេរិកហើយ ដើម្បីបំពេញទស្សនកិច្ចដ៏សំខាន់មួយ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ បានមកដល់សហរដ្ឋអាមេរិកហើយ ស្ថិតក្នុងគោលបំណងបង្ហាញពីផែនការរបស់អ៊ុយក្រែន ក្នុងការបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំកន្លះជាមួយរុស្ស៊ី។
លោក ហ្សេលេនស្គី នឹងបង្ហាញពីគម្រោងរបស់គាត់ ដែលលោកហៅវាថា ជា “ផែនការជ័យជំនះ” ទៅដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ដូចជាលោកស្រី ខាម៉ាឡា ហារីស និងលោក ដូណាល់ត្រាំ។
លោក ហ្សេលេនស្គី បាននិយាយថា លោក បៃដិន នឹងក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលឃើញផែនការនេះពេញលេញ ហើយថា វាក៏នឹងត្រូវបង្ហាញដល់មេដឹកនាំទាំងអស់ នៃប្រទេសដៃគូរបស់យើងផងដែរ។
លោក ហ្សេលេនស្គី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងសម្រេចថាតើការប្រយុទ្ធជាង ៣០ខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នឹងត្រូវបញ្ចប់។
ដំណើរទស្សនកិច្ចនេះ កើតឡើងបន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយនារដូវក្តៅ ដោយរុស្ស៊ីបានរុលទៅមុខយ៉ាងលឿននៅភាគខាងកើតអ៊ុយក្រែន ហើយអ៊ុយក្រែនវិញ បន្តកាន់កាប់តំបន់ Kursk របស់រុស្ស៊ី។
វាក៏កើតឡើងផងដែរ នៅពេលដែលអ៊ុយក្រែនបានសង្កត់កលោកខាងលិចអស់រយៈពេលជាច្រើនសប្តាហ៍ ឱ្យអនុញ្ញាតឱ្យខ្លួនប្រើប្រាស់អាវុធចម្ងាយឆ្ងាយ វាយលុកគោលដៅជ្រៅៗនៅក្នុងប្រទេសរុស្ស៊ី ដែលរហូតមកដល់ពេលនេះ មិនទាន់មានលទ្ធផលអ្វីទាំងអស់។
លោក ហ្សេលេនស្គី ត្រូវបានគេរំពឹងថា នឹងព្យាយាមបញ្ចុះបញ្ចូលលោក បៃដិន ឱ្យផ្លាស់ប្តូរគំនិតរបស់គាត់ ពាក់ព័ន្ធនឹងបញ្ហានេះ៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា