រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី

អាមេរិក៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់ អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពនៃទំនាក់​ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការពិ​គ្រោះ​យោបល់ទ្វេភាគីផ្សេងៗ រួមមានគណៈកម្មការចម្រុះនៃកិច្ច​សហប្រតិបត្តិ​ការលើវិស័យសេដ្ឋកិច្ច កិច្ចពិគ្រោះយោបល់ទ្វេភាគី និងកិច្ចពិគ្រោះយោបល់​ស្តីពីធម្មនុញ្ញ​សន្តិភាពរវាងសភាជាតិនៃប្រទេសទាំងពីរ។ ឯកឧត្តម Péter Szijjártó បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Péter Szijjártó បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកម្មវិធីផ្លាស់ប្តូរការអប់រំកម្រិត​ឧត្តមសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៩ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរា​ជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ និងនវានុវត្តន៍ នៃប្រទេសហុងគ្រី ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner