រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជូនអំណោយដល់កងកម្លាំងប្រដាប់អាវុធ ប្រចាំព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ
ព្រះវិហារ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច ឯកឧត្តម ឯក ចន្ថា បានដឹកនាំគណៈប្រតិភូក្រសួង នាំយកអំណោយរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែកញ្ញា២០២៤ នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
នៅក្នុងដំណើរចុះសួរសុខទុក្ខនិងការនាំយកអំណោយ គ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួនជូនដលនាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយ នាយរងនគរបាល និងពលនគរបាលជាតិ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អំណោយរួមមាន ៖គ្រឿងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងថវិកាមួយចំនួន។សរុប ប្រមាណ ២១២ លានរៀល។
ក្នុងឱកាសនេះឯកឧត្តម ឯក ចន្ថា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់ ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ រក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា៕
ដោយ៖ឡុង សំបូរ