ប្រជាពុទ្ធបរិស័ទខេត្តកំពតក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំនេះ
កំពត៖នៅវត្តត្រើយកោះ ក្រុងកំពត នាបិណ្ឌ៧កន្លងទៅនេះ ពុទ្ធ បរិស័ទ និងព្រះសង្ឃ បានថ្លែងនិងមានថេរដីកាថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ មានប្រជាពុទ្ធបរិស័ទជាច្រើនបានមកចូលរួមគ្រប់កិច្ចកម្មវិធីប្រពៃណី នៃពិធីបុណ្យ មិនថាពេលបោះបាយបិណ្ឌ ប្រគេនចង្ហាន់ព្រឹក ចង្ហាន់ថ្ងៃត្រង់ និងប្រគេនភេសជ្ជៈនៅពេលល្ងាច ដើម្បីសមាទានសីល និងស្តាប់ព្រះសង្ឃសម្តែងធម៌ទេសនាជាដើម។
ទាក់ទងនឹងពិធីបុណ្យនេះដែរ ព្រះសាសនបាល ស៊ឹម ពន ព្រះវិន័យធម៌ គណខេត្ត ព្រះអនុគណក្រុងកំពត និងជាព្រះចៅអធិការវត្តត្រើយកោះ មានថេរដីកាថា តាមការពិនិត្យក្នុងរយៈ៧ថ្ងៃកន្លងមកនេះ ប្រជាពុទ្ធ បរិស័ទជិតឆ្ងាយបានមក បំពេញកុសលផលបុណ្យនៅវត្តត្រើយកោះ ច្រើន ដូចឆ្នាំមុនៗដែរ។
ព្រះសាសនបាល ស៊ឹម ពន មានថេរដីកាថា ការចូលរួមក្នុងពិធី បុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ទី១. ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់បុព្វការីជនដែលបានចែកឋានរំលាយក្ខន្ធទៅហើយ ,ទី២ ដើម្បី បំពេញមគ្គផលកុសលបុណ្យសម្រាប់ខ្លួនឯង តាមរយៈការផ្គត់ផ្គង់់ចង្ហាន់ដល់សង្ឃ និងចម្រើនចាគៈ , ទី៣.ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីសាសនាកុំឲ្យបាត់បង់។ដើម្បីថែរក្សាទម្រង់នៃទំនៀមទម្លាប់ប្រពៃណីសាសនាឱ្យបានល្អ ព្រះចៅអធិការអំពាវនាវដល់ក្មេងៗជំនាន់ក្រោយ ខិតខំថែរក្សាប្រពៃណីបុណ្យនេះឱ្យបានល្អ ។ពិសេសត្រូវចេះស្លៀកពាក់ និងចេះរបៀបប្រណិប័តន៍ឱ្យបានសមរម្យ (សំពះមនុស្សចាស់ មាតាបិតា ជូនតា ថ្វាយបង្គំព្រះសង្ឃ និងព្រះជាដើម )៕
ដោយ៖ សិលា សារិន