យុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក នៅខេត្តរតនគិរី
រតនគិរី៖សាខាធនាគារជាតិនៃកម្ពុជា ខេត្តរតនគិរី រួមជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងខេត្តរតនគិរីចំនួន១២គ្រឹះស្ថាន បានរៀបចំយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ជូនសាធារណជន ដោយមិនគិតកម្រៃសេវា និងត្រូវផ្ទេរចូលតាមរយៈគណនីបាគង និងគណនីធនាគារដែលជាសមាជិកបាគង។កម្មវិធីនេះបានប្រារព្ធនៅសួនច្បារសម្តេចតេជោ ស្រុកកូនមុំនៅថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤។
កម្មវិធីយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែកនេះ ក្នុងគោលបំណង ទី១- ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធ្វើឱ្យ សាធារណជន ឬុយុវជន ជំនាន់ក្រោយ ស្រលាញ់ ពេញចិត្ត ប្រាក់រៀល យើងធ្វើការផ្សព្វផ្សាយតាមរយៈរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល ប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយជំនួសមកវិញនូវក្រដាសប្រាក់រៀលថ្មី ការប្រើប្រាក់រៀល ដើម្បីលើកតម្កើងមោទកជាតិ។ ទី២- ជំរុញការប្រើប្រាស់ KHQR ប្រព័ន្ធទូទាត់បាគង លើកកម្ពស់ការទូទាត់ឌីជីថល និងជំរុញបរិញ្ញាបត្រហិរញ្ញវត្ថុ ក្នុងប្រព័ន្ធប្រតិបត្តិការធនាគារឱ្យកាន់តែ ទូលំទូលាយ និងទី៣ – ដើម្បីបង្កើតគណនីបាគង និងគណនីធនាគារជូនសាធារណជនដោយមិនគិតកម្រៃសេវា នៅតាមស្តង់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សូមជម្រាបថា ប្រព័ន្ធបាគង បានដាក់ឱប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធបាគង KHQR បានធ្វើឱការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីផ្តល់លទ្ធភាពដល់សាធារណជន ធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានបានយ៉ាងងាយស្រួល រហ័សទាន់ចិត្ត និងមិនគិតកម្រែសេវា។ គិតមកដល់សព្វថ្ងៃនេះសមាជិកបាគងមានចំនួន៧៣ និងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវីធីទូទាត់បាគងទេសចរ (Bakong Tourists App) ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរកម្ពុជា តាមរយៈការ ផ្តល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិក ដែលអាចឱ្យទេសចរអន្តរជាតិធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ព្រមទាំងទទួលបានបទពិសោធន៍ថ្មីនៃការទូទាត់ឌីជីថលនៅកម្ពុជា៕
ដោយ៖ គតិ យុត្ត