មន្រ្តី៖កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋក្រីក្រឱ្យល្អប្រសើរ
កំពត៖មានប្រសាសន៍នៅក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការអនុវត្តកម្មវិធីអាហារូបករណ៍សិស្ស ក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅនៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កាលពីថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពត ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កើតប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈឆ្លើយតប បានគ្រប់ជ្រុងជ្រោយទៅនឹងតម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកដែលងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើត រហូតដល់មរណភាព ។ជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមឱ្យមានភាពធន់ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឱ្យល្អប្រសើរ។
ឯកឧត្តម ស៊ឹម សុធន បន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវគោលការណ៍ណែនាំជំរុញការអនុវត្តកម្មវិធីមូលនិធិជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្នុងគោលបំណងបង្កើតប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈឆ្លើយតបបានគ្រប់ជ្រុងជ្រោយ ទៅនឹងតម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកដែលមានភាពងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើត រហូតដល់មរណភាព និងជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមឱ្យមានភាពធន់ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។
ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបន្តថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ត្រូវបានអនុវត្តជាផ្លូវការនៅខែមេសា ឆ្នាំ២០២៤ ហើយបានដំណើរការចុះឈ្មោះផ្តល់ប្រាក់ឧបត្ថម្ភគោល សម្រាប់គ្រួសារមានបណ្ណសមធម៌ និងសមាជិកគ្រួសារដែលងាយរងគ្រោះ ដូចជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជនចាស់ជរាអាយុ ៦០ឆ្នាំឡើង ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ មូលនិធិជាតិជំនួយសង្គម បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន៥លើកមកហើយ។ ដោយឡែក កម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នឹងបញ្ចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅដើមឆ្នាំ២០២៥ខាងមុខនេះ ក្នុងគោលបំណង បន្តផ្តល់ការលើកទឹក ចិត្តឱ្យកុមារចុះឈ្មោះចូលរៀនបានទាន់ពេលវេលា និងបន្តការសិក្សារហូតដល់ចប់មធ្យមសិក្សាចំណេះទូទៅ៕
ដោយ៖ សិលា សារិន