ប្រទេសអាស៊ាន ៣ មានប្រាក់ខែគោលទាបបំផុតលើលោក
បរទេស៖ ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ដែលសុទ្ធតែជាប្រទេសនៅប្លុកអាស៊ាន បានស្ថិតក្នុងចំណោមប្រទេសកំពូលទាំង១០ដែលមានប្រាក់ឈ្នួលអប្បបរមា ឬប្រាក់ខែគោលរបស់កម្មករ និយោជិក ទាបបំផុត នៅលើពិភពលោកនៅក្នុងឆ្នាំ២០២៤ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Seasia Stats ដែលតែងតែផ្តោតការស្រាវជ្រាវលើតំបន់អាស៊ីអាគ្នេយ៍ ឬ អាស៊ាន។
ប្រភពបានឲ្យដឹងកាលពីថ្ងៃអង្គារថា បើយោងតាមទីភ្នាក់ងារស្រាវជ្រាវការងារពិភពលោក Velocity Global 2024 ចង្អុលបង្ហាញថា ប្រទេសហ្វីលីពីនបានជាប់ចំណាត់ថ្នាក់លេខ៥ លើពិភពលោក ដែលមានប្រាក់ឈ្នួលអប្បបរមា ១២៨ដុល្លារ នៅក្នុងមួយខែ។ តាមពីក្រោយដោយឥណ្ឌូនេស៊ីដែលជាប់លេខ៦ មានចំនួន១៣០ដុល្លារ ក្នុងមួយខែ ហើយវៀតណាមបានជាប់លេខ៧ មាន១៤០ដុល្លារ ក្នុងមួយខែ។
បើតាមប្រភពដដែល ប្រទេសដែលមានប្រាក់ឈ្នួលអប្បរមាតិចជាងគេ នៅក្នុងពិភពលោក គឺប្រទេសឥណ្ឌា មានត្រឹមតែ៤៥ដុល្លារ ក្នុងមួយខែ, លេខ២ គឺប្រទេសនីហ្សេរីយ៉ា ៧៦ដុល្លារ, លេខបី គឺ អ៊ូសបេគីស្ថាន មាន៨០ដុល្លារ, លេខ៤ គឺប៉ាគីស្ថាន មាន១១៤ដុល្លារ, លេខ៨ គឺប្រទេសអ៊ុយក្រែន មាន១៧៧ដុល្លារ, លេខ៩ គឺប្រទេស អាមេនី មាន១៨៧ដុល្លារ និងលេខ១០ គឺប្រទេសកាហ្សាក់ស្ថាន មាន១៨៨ដុល្លារ នេះបើតាម Velocity Global 2024 ដដែល៕
ប្រភពពី៖ Seasia Stats , ប្រែសម្រួល៖ សារ៉ាត