អ្នកចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេច ធិបតីជិតបាន ៣០០នាក់ហើយ
(ភ្នំពេញ)៖ យោងតាមប្រសាសាន៍ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ការប្រប្រកួតគុនចម្រុះ ខ្មែរបុរាណពានរង្វាន់សម្តេច ធបតីជិត បានគូសបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ អ្នកចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់
សម្តេច ធិបតី គ្រប់ទម្ងង់ គ្រប់ប្រភេទយុទ្ធគុន បានប្រមាណជាជិត ៣០០នាក់ហើយ ក្នុងនោះការទទួលចុះឈ្មោះនៅតែបន្តទទួលយកការចុះឈ្មោះចូលរួមបន្ថែមទៀត។
ការថ្លែងបញ្ជាក់ឱ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងារគ្រប់ភាគី ពាក់ព័ន្ធ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅអាគារគណៈកម្មាធិការជាតិអូឡាំ ពិកម្ពុជា ។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា អមជាមួយព្រឹត្តិការណ៍ដ៏កក្រើកនេះ ក៏មានការដាក់តាំងពិរណ៍បង្ហាញនៃប្រវត្តិយុទ្ធគុនខ្មែររបស់ដូនតា ដែលមានផ្ទាំងសិលាចរិក រូបភាព ខ្លឹមសារនៃសិលាចរិករបស់ព្រះមហាក្សត្រនាសម័យអង្គរដែលមានរិទ្ធិចេស្តាបារមីពាក់ព័ន្ធនិងយុទ្ធគុនរបស់ព្រះអង្គតាមសម័យនីមួយ។
ឯកឧត្តម បានអះអាងទៀតថា នៅក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ សម្តេច ធបតីនេះ ក៏មានការចូលរួមពីកីឡាករល្បីៗលំដាប់ប្រទេសជាច្រើនរូប ក្នុងនោះក៏មានវត្តមានកីឡាករគុនខ្មែរ ល្បីឈ្មោះចូលរួមចំនួន ២រូបផងដែរ ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម គឺ កីឡាករគុនខ្មែរ ធឿន ធារ៉ា និង កីឡាករគុនខ្មែរ ឈឿង ល្វៃ ហើយអ្នកទាំងពីរនិងប៉ះគ្នា ព្រមទាំងមានកីឡាល្បីៗជាច្រើនទៀត មកប៉ះគ្នា ក្នុងយុទ្ធគុនចម្រុះ មានល្បុក្កតោ និងយុទ្ធផ្សេងៗទៀត។ ឯកឧត្តម បន្ថែមទៀតថា ក្នុងព្រឹត្តិការណ៍នេះ នឹងទទួលស្វាគមទស្សនិកជនចូលទស្សនា ការប្រកួតដោយសេរីផ្ទាល់ប្រមាណជា២ពាន់ទៅ៣ពាន់កៅអីឯណោះ។
សូមបញ្ជាក់ថា ការចុះឈ្មោះចូលរួមរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេច ធបតី ដែលគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែសីហា នឹងបន្តទទួលរហូតដល់ថ្ងៃទី១០ តុលា ឆ្នាំ២០២៤។ គួរឱ្យដឹងដែរថា សម្រាប់ការចុះឈ្មោះចូលរួមមកដល់ពេលនេះ វិញ្ញាសាប្រយុទ្ធអ្នកចុះឈ្មោះចូលរួមច្រើន ខណៈវិញ្ញាសាសម្តែងមានប្រមាណជា៦០នាក់នៅឡើយទេ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ