សម្ដេចធិបតី លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្ត តាមព្រំដែន ជាពិសេស ខេត្តភាគឦសាន
(ភ្នំពេញ)៖ ក្នុងជំនួបសំណេះសំណាល និងទទួលថវិកាគាំទ្រ ដល់មូល និធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នៅវិមានសន្ដិភាព ដឹកនាំដោយ លោកអ្នកឧកញ៉ា ពុង ឃាវ សែ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅ កម្ពុជា ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្ត តាមព្រំដែន ជាពិសេស ខេត្តភាគឦសាន ។
ក្នុងឱកាសនៃជំនួបនេះ សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដែលបានចូលរួម បរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាល កម្ពុជា សម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលនេះជាការគាំទ្រដល់រាជ រដ្ឋាភិបាលក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកសាងផ្លូវក្រវាត់ព្រំដែន។
សម្ដេចធិបតីបានគូសបញ្ជាក់ជូនគណៈប្រតិភូសមាគមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែ យកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តតាមព្រំដែន ដោយសម្ដេចបានលើកឡើងថា រាជរដ្ឋា ភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការ កសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន, ការដាក់ចេញនូវកម្មវិធីផ្តល់ដីសង្គមកិច្ច ដល់ប្រជាជនដែលខ្វះដីពិតប្រាកដ តាមរយៈកម្មវិធីផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ដេីម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន និងការបន្តចរចាជាមួយប្រទេសជិតខាង លើកិច្ចការបោះបង្គោលព្រំដែន។
ទន្ទឹមនេះ សម្ដេចធិបតី ក៏បានអរគុណចំពោះវិស័យឯកជន ក៏ដូចជា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលតែងមានភាពជឿជាក់ និងទំនុកចិត្ត ក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតីក៏បានគូសបញ្ជាក់ថា វិស័យឯកជន ជាដៃគូមិនអាចខ្វះបាន របស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង ការបង្កើតការងារ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាល នឹងបន្តរក្សានូវសន្ដិភាព, ស្ថិរភាពនយោបាយ និងការបង្កើតនូវបរិយាកាសវិនិយោគ ប្រកបដោយភាពទាក់ទាញ និងអំណោយផល សម្រាប់វិនិយោគិន។
សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពថែមទៀត ដើម្បីបណ្ដាក់ទុនវិនិយោគ នៅតាមបណ្ដាខេត្តជាប់ព្រំដែន, ជាពិសេសខេត្តភាគឦសាន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ