ដាក់ម្ហូបអាហារ នំចំណីជិត១០០មុខ ជូនភ្ញៀវទេសចរភ្លក់ ក្នុងទិវាទេសចរណ៍ពិភពលោក
សៀមរាប៖ម្ហូបអាហារនំចំណីមកពីហាងល្បីៗក្នុងខេត្តសៀមរាបជិត១០០មុខត្រូវរៀបចំយ៉ាងស្អាតប្រកបដោយអនាម័យ និង សោភណភាព ដាក់ជូនភ្ញៀវទេសចរជាតិនិងបរទេសភ្លក់ដោយមិនគិតប្រាក់នៅក្នុងតំបន់ផាប់ស្រ្ទីតនាទីក្រុងសៀមរាបកាលពី រាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសទិវាទេសចរណ៍ពីភពលោក ក្រោមប្រធានបទ”ទេសចរណ៍ និងសន្តិភាព” ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ។
ក្នុងព្រឹត្តិការណ៍ទេសចរណ៍ពិភពលោករដ្ឋបាលខេត្តបានរៀបចំការដង្ហែក្បួនចាប់ពីសួនច្បារព្រះរាជដំណាក់តាមបណ្តោយផ្លូវស៊ីវុត្ថា ឆ្ពោះមកតំបន់ផាប់ស្រ្ទីតដែលជាតំបន់ទេសចរណ៍សំខាន់ក្នុងពេលរាត្រី ចំកណ្តាលបេះដូងនៃខេត្តសៀមរាប ដោយមានអង្គភាព មន្ទីរនានា ធុរកិច្ចរកស៊ីវិស័យទេសចរណ៍ ក្នុងនោះក៏មានម្ចាស់ បុគ្គលិក សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមយុវជន ក្រុមឆៃយ៉ាំ ក្រុមគុនខ្មែរល្បុក្កតោជាង១ ០០០នាក់ចូលរួម ។
ពេលរាត្រីម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន បានយកនំ ចំណី និងម្ហូបអាហារដែលមានជិត១០០មុខ មកដាក់ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅផាប់ស្រ្ទីត ភ្លក់ដោយមិនគិតប្រាក់។ភ្ញៀវទេសចរជាច្រើនបានភ្លក់ និងពោលពាក្យថា”ម្ហូប អាហារខ្មែរឆ្ងាញ់ពិសា” ។ទន្ទឹមនេះក៏មានការលក់ដូរបញ្ចុះតម្លៃពី៣០ទៅ៥០ភាគរយផងដែរ។
ជួបជាមួយទូរទស្សន៍អប្សរា ក្រុមអាជីវករលក់ដូរនៅក្នុងតំបន់ផាប់ស្រ្ទីត បានថ្លែងអំណរគុណរដ្ឋបាលខេត្តសៀមរាបដែលបាន យកចិត្តទុកដាក់បង្កើតកម្មវិធីដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកម្សាន្តខេត្តសៀមរាបកាន់តែច្រើន។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ រាជរដ្ឋាបាលភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យទេសចរណ៍បានដាក់ចេញនូវយុទ្ធសាស្រ្ត ជាច្រើនដើម្បីជំរុញវិស័យទេសចរណ៍៕
អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា