ស្លាប់ឥណ្ឌូនេស៊ី១៣នាក់ បាក់ដីនៅកន្លែងជីករ៉ែខុសច្បាប់
បរទេស៖ មន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់បន្ទាប់ពីការបាក់ដីនៅឯអណ្តូងរ៉ែខុសច្បាប់មួយកន្លែង នៅភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់១៣នាក់ របួស១២នាក់ផ្សេងទៀត ខណៈដែលកិច្ចខិតខំប្រឹងរកជនរងគ្រោះ ត្រូវបានបិទបញ្ចប់ ត្រឹមថ្ងៃអាទិត្យ។
ទីតាំងជីករ៉ែខុសច្បាប់ដែលបានបាក់ ថ្មីៗនេះ ស្ថិតនៅតំបន់ដាច់ស្រយាល នៅក្នុងខេត្តស៊ូម៉ាត្រាខាងលិចនៅលើកោះស៊ូម៉ាត្រា។ ក្រុមអ្នកជួយសង្គ្រោះត្រូវដើរជាច្រើនម៉ោង ពីភូមិដែលនៅជិតបំផុត ដើម្បីទៅដល់តំបន់នោះ។
អណ្តូងរ៉ែដែលគ្មានអាជ្ញាប័ណ្ណ គឺជារឿងធម្មតា នៅប្រទេសប្រជុំកោះស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ មួយនេះ ជារដ្ឋដែលសម្បូរទៅដោយសារធាតុរ៉ែ ហើយកន្លែងដែលត្រូវបានគេបោះបង់ចោលនានា បានទាក់ទាញអ្នកស្រុក ស្វែងរករ៉ែមាស ដែលនៅសល់ ដោយគ្មានឧបករណ៍សុវត្ថិភាពត្រឹមត្រូវ។
ប្រទេសឥណ្ឌូណេស៊ីងាយនឹងមានការបាក់ដី ក្នុងរដូវវស្សា ជាធម្មតា នៅចន្លោះខែវិច្ឆិកា និងខែមេសា ប៉ុន្តែគ្រោះមហន្តរាយមួយចំនួនដែលបណ្តាលមកពីអាកាសធាតុមិនល្អ បានកើតឡើងខុសរដូវ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត