តំណាងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត សន្យាជួយអភិវឌ្ឍន៍តំបន់តាថាវ
ព្រះវិហារ៖ លោក ហូ សិទ្ធីគុណ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសន្យានឹងជួយអភិវឌ្ឍន៍តំបន់តាថាវ ដែលជាអតីតទីតាំងសមរភូមិក្តៅពេលសម័យសង្គ្រាមឱ្យមានសក្តានុពលទាក់ទាញ ភ្ញៀវទេសចរ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលកំពុងរស់នៅទីនេះ។
ការថ្លែងបែបនេះក្នុងឱកាសដែលលោកអញ្ជើញជាតំណាងឯកឧត្តម ហូ សិទ្ធី ទេសរដ្ឋមន្ត្រីទទួកបន្ទុកនាយកខុទ្ទកាល័យសម្តេចមហាបវរធិបតី បានដឹកនាំក្រុមការងារខុទ្ទកាល័យសម្តេចធិបតី ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយជាថវិកា សម្ភារជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
លោក ហូ សិទ្ធីគុណ បានបន្តថា ក្រោយភ្លៀងចាប់ផ្តើមរាំងស្ងួត លោកនឹងដឹកនាំ ក្រុមការងារចុះមកពិភាក្សា និងសិក្សាឡើងវិញថាតើអ្វីដែលយើងអាចធ្វើទៅបាននៅទីនេះ? ដើម្បីផ្សព្វផ្សាយនៅតំបន់នេះឱ្យមានសក្តានុពល ក្រៅពីឈរជើងការពារបូរណភាពទឹកដី ក៏ប៉ុន្តែយើងមិនអាចចោលបានចំពោះជីវភាពរស់នៅ របស់បងប្អូននៅទីនេះបានទេ ក្នុងឱកាសណាមួយដែលយើងអាចផ្សារភ្ជាប់និងអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់ប្រវត្តិសាស្ត្រទេសចរណ៍មួយ ដែលអាចនាំភ្ញៀវទេសចរមកទស្សនានិងផ្តល់ផលប្រយោជន៍ដល់គ្រួសារកងទ័ព។លោកក៏បានជំរុញដល់ក្នុងក្រុមគ្រួសារកងទ័ព រៀនធ្វើម្ហូប កែច្នៃអ្វីដែលប្លែក។ អ្វីដែលថ្មី ហើយយកទៅផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្សេងៗ ដើម្បីអូសទាញភ្ញៀវទេសចរ អំឡុងពេលយើងកំពុងឈរជើងការពារព្រំដែនផងដែរ។
សូមជម្រាបថា អំណោយរបស់ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំមកផ្តល់ជូននៅពេលនេះរួមមាន ជូនអង្គភាពវរសេនាតូចលេខ៣៨៥ ថវិកា៥,០០០ដុល្លារ និងជូននាយ ពលទាហាននូវថវិកា ថ្នាំពេទ្យ ទឹកក្រូច ទឹកបរិសុទ្ធ មី ទឹកត្រី និងសម្លៀកបំពាក់សម្រាប់ចែកជូនគ្រួសារកងទ័ព៕
ដោយ៖ សួន លីណា