ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាង ១ម៉ឺននាក់មកលេងកម្សាន្តក្នុងខេត្តស្ទឹងត្រែង នាឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះ
(ខេត្តស្ទឹងត្រែង)៖ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌក្នុងខេត្តស្ទឹងត្រែង ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកលេងកម្សាន្តជាង១ម៉ឺននាក់ ក្នុងឆ្នាំ២០២៤នេះ បើប្រៀប ឆ្នាំ២០២៣ កើន ៣៨% នេះបើតាមការឱ្យដឹងពីលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឱ្យដឹងថានៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ថ្ងៃបញ្ចប់បុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិបានចូលមកទស្សនា និងដើរលេងកម្សាន្ដ ជាពិសេសតាមតំបន់រមណីយដ្ឋានក្នុងរយៈពេល៣ថ្ងៃមានចំនួន ១៤,៤៣១នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ៥៥នាក់ ។
លោកបានបន្ដថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខែ្មរយើង សម្រាប់ខេត្តស្ទឹងត្រែង បានទាក់ទាញភ្ញៀវមកចូលលេងកម្សាន្ដក្នុងឆ្នាំ២០២៤នេះ មានការកើនឡើងច្រើនលើសឆ្នាំ២០២៣ប្រមាណជា៣៨,០៣% ហើយអ្វីដែលធ្វើឱ្យភ្ញៀវមានការចាប់អារម្មណ៍មកលេងច្រើនដោយសារមានការរៀបចំអភិវឌ្ឍន៏ កែលម្អរនៅតាមបណ្ដារក្រុង.ស្រុកទាំងអស់ក្នុងខេត្ត ជាពិសេស តាមតំបន់រមណីយដ្ឋានធម្មជាតិនានា ដោយរក្សានៅសោភ័ណភាព អនាម័យ សណ្ដាប់ធ្នាប់ សន្តិសុខប្រកបដោយគុណភាព រួមទាំងតម្លៃម្ហូបអាហារដ៏មានរស់ជាតិឆ្ងាញ់ក្នុងតម្លៃសមរម្យ ។
លោកស្រី សោម សុខលាង មកពីខេត្តកំពង់ចាម បានឱ្យដឹងថា លោកស្រីធ្លាប់មកលេងកម្សាន្តនៅខេត្តស្ទឹងត្រែងនេះ៣-៤ដងមកហើយ ដោយសារមានបងប្អូនណែនាំឱ្យមកលេង ព្រោះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ហើយម៉្យាងទៀត មានម្ហូបប្លែកៗប្រចាំតំបន់ និងមានតម្លៃសមរម្យ ។
សូមបញ្ជាក់ថា ភ្ញៀវទេសចរណ៍ដែលបានមកលេងក្នុងខេត្តស្ទឹងត្រែងក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនិងបានទៅលេងកម្សាន្ដនៅតាមតំបន់រមណីយដ្ឋាននានា បានលើកឡើងថា ខេត្តស្ទឹងត្រែងនៅពេលនេះ មានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំ និងរៀបចំឡើងពីសំណាក់ថ្នាក់ដឹកនាំខេត្ត ជាពិសេស គេឃើញមាននៅតាមទីសាធារណៈ មានលក្ខណៈល្អខ្លាំងមែនទែន ហើយតាមផ្ទះសំណាក់ សណ្ឋាគារ ក៏ដូចជាភោជ្ជនីយដ្ឋានទាំងអស់ មិនមានការដំឡើងថ្លៃនោះទេ ៕
ដេង ម៉ាវិន