Tesla ប្រមូលឡាន Cybertrucks ជិត ៣ម៉ឺនគ្រឿងចូលរោងចក្រវិញ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសថា នឹងប្រមូលឡាន Cybertruck ប្រមាណជាង ២៧,០០០គ្រឿងនៅក្នុងសហរដ្ឋអាមេរិក។

មូលហេតុដែល Tesla ប្រមូលឡាន Cybertruck មកវិញនេះ គឺដោយសារក្រុមហ៊ុនផលិតឡានអគ្គិសនីអាមេរិកមួយនេះ បានរកឃើញបញ្ហាត្រង់កាមេរ៉ាមើលពីក្រោយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការមើលឃើញរបស់អ្នកបើកបរ និងបង្កើនហានិភ័យនៃការគាំងតែម្តង។

នេះគឺជាការប្រមូលឡាន Cybertruck មកវិញជាលើកទី៥ហើយ នៅក្នុងឆ្នាំ ២០២៤នេះ ចាប់តាំងពីខែមករា។ បច្ចុប្បន្ន Tesla កំពុងចេញការអាប់ដេតកម្មវិធី ដើម្បីដោះស្រាយបញ្ហាចុងក្រោយបំផុតនេះ។ ការប្រមូលមកវិញនេះ នឹងប៉ះពាល់ដល់ឡានអគ្គិសនី Cybertruck ភាគច្រើននៅក្នុងសហរដ្ឋអាមេរិក។

ទោះបីជាមានការប្រមូលមកវិញជាញឹកញាប់ក៏ដោយ ប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាត ករណីស្លាប់ ឬរងរបួស ដែលមានជាប់ទាក់ទងនឹងបញ្ហាទាំងនោះទេ។

ក្រុមហ៊ុន Tesla បានចាប់ផ្តើមចែកចាយឡានអគ្គិសនី Cybertruck ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីការពន្យារពេលអស់ ២ឆ្នាំ ដោយសារបញ្ហាផលិតកម្ម និង ការផ្គត់ផ្គង់អាគុយ។ កន្លងមក ឡាន Cybertruck ត្រូវបានលោកមហាសេដ្ឋី Elon Musk អះអាងថា គឺជាអនាគតនៃឡានអគ្គិសនីដ៏អស្ចារ្យ៕

ប្រភព៖ The Strait Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner