កសិករវៀតណាមជួបគ្រាប់សល់ពីសង្គ្រាម ៣៥០គីឡូក្រាម បើផ្ទុះនឹងអាសន្នធំ

ហាណូយ៖ គ្រាប់បែកមានទម្ងន់ ៣៥០គីឡូក្រាម ដែលនៅសេសល់ពីសម័យសង្រ្គាមវៀតណាម ត្រូវបានអ្នកស្រុកខេត្ត Quang Binh ភាគកណ្តាលរកឃើញ ដែលញុំាងឱ្យអាជ្ញាធរ និងអ្នកជំនាញ បានប្រញាប់ប្រញាល់យកគ្រាប់បែកនោះចេញដោយសុវត្ថិភាព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។

ប្រភពបានឱ្យដឹងថា អ្នកស្រុកម្នាក់បានប្រទះឃើញគ្រាប់បែកនេះ ពេលធ្វើស្រែចម្ការនៅស្រុក Minh Hoa។ គ្រាប់បែកនេះមានលេខកូដ M117 មានប្រវែង ១.១ម៉ែត្រ និងទម្ងន់ ៣៥០គីឡូក្រាម។ អ្នកជំនាញមកពីក្រុមសកម្មភាពដោះមីន (MAG) និងអាជ្ញាធរមូលដ្ឋានបានដកគ្រាប់បែកនោះដោយសុវត្ថិភាព ហើយរង់ចាំការបំផ្ទុះស្របតាមបទប្បញ្ញត្តិ។

យោងតាមមជ្ឈមណ្ឌលបច្ចេកវិជ្ជាកំចាត់មីន និងគ្រាប់បែក ស្ថិតក្រោមបញ្ជាការវិស្វកម្ម បានឱ្យដឹងថា មានឃុំចំនួន ៧,៦៤៥ ក្នុងចំណោមឃុំចំនួន ៨,៦៨៦ ក្នុងខេត្ត-ក្រុងចំនួន ៦៣ របស់ប្រទេសវៀតណាម ត្រូវបានបំពុលដោយគ្រាប់មិនទាន់ផ្ទុះ (UXO)។

ស្ថិតិពីគណៈកម្មាធិការជាតិដឹកនាំការស្តារឡើងវិញ ពីផលប៉ះពាល់នៃគ្រាប់បែកក្រោយសង្គ្រាម និងគ្រាប់មីន បានបង្ហាញថា យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៨០០,០០០តោន បាននៅសេសសល់រាយប៉ាយពាសពេញផ្ទៃដីទំហំ ៦.៦លានហិកតា ឬប្រហែល ២០.១២% នៃផ្ទៃដីសរុបរបស់ប្រទេសវៀតណាម ភាគច្រើននៅតំបន់ភាគកណ្តាល ដែលធ្វើឲ្យប្រជាជនមានគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ៕

ប្រភព៖ VNEXpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner