អូស្រ្តាលី នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងក្តីប្រាថ្នារបស់ប្រជាជន ការពារសុខសន្តិភាព និងការអភិវឌ្ឍ
(ភ្នំពេញ)៖ នៅក្នុងជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អូស្រ្តាលីនឹងបន្តផ្តោតការយកចិត្តដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលនឹងរួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវក្តីរីករាយចំពោះភាពរីកចម្រើន នៃសេដ្ឋកិច្ចសង្គមកម្ពុជា និងបានថ្លែងការកោតសរសើរដល់កម្ពុជាដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លំាងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ រួមទាំងការបញ្ជូនកងកម្លាំងដោះមីន និងបង្រៀនបច្ចេកទេសដោះមីន ដល់អ៊ុយក្រែន និងប្រទេសនានា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគាំទ្រការលើកឡើងរបស់ ឯកឧត្តម ឯកអគ្គរាជទូតដែលបានលើកឡើងថា កម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងមិត្តភាពជាប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ ដោយផ្តោតលើផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទំាងពីរ ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ផងដែរអំពីការបញ្ជូនកងកម្លំាងថែរក្សាសន្តិភាពទៅកាន់ប្រទេសនានា គឺជាការឱ្យតម្លៃ និងរួមចំណែកការពារសុខសន្តិភាព ព្រោះថាសន្តិភាពមានសារៈសំខាន់គ្មានអ្វីប្រៀបបានឡើយ សម្រាប់មនុស្សជាតិទំាងអស់។ កម្ពុជាធ្លាប់បានហែលឆ្លងទុក្ខលំបាកពីសង្រ្គាម ដូច្នេះមិនចង់ ឱ្យប្រទេសនានានៅក្នុងពិភពលោកជួបសង្រ្គាម ទទួលសោកនាដកម្មដូចកម្ពុជាកាលពីអតីតកាលឡើយ។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលីដែលតែងតែជួយគំាទ្រកម្ពុជានៅគ្រប់កាលៈទេសៈ ចាប់ផ្តើមពីការទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិក្នុងដំណើរស្វែងរកសន្តិភាពជូនកម្ពុជា និងការអភិវឌ្ឍប្រទេសជាតិរហូតមកទល់បច្ចុប្បន្ន។
សម្តេចរដ្ឋសភាធិបតី សង្ឃឹមថា ក្នុងអាណត្តិបេសកម្មការទូតនៅកម្ពុជា ឯកឧត្ដម ឯកអគ្គរាជទូត នឹងបន្ដជំរុញកិច្ចសហប្រតិបត្ដិការសភានៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធឡើងបន្ថែមទៀត ព្រោះថាក្នុងបរិបទនៃការវិវឌ្ឍស្ថានការណ៍តំបន់និងអន្តរជាតិ ដែលកាន់តែមានភាពស្មុគស្មាញ និងគ្រោះថ្នាក់ឡើងៗ ដោយសារតែការប្រកួតប្រជែងឥទ្ធិពលភូមិសាស្រ្ដនយោបាយ រួមជាមួយនឹងការធ្លាក់ចុះនៃអភិបាលកិច្ចសកល និងប្រព័ន្ធពហុភាគីនិយម ការទូតសភាដើរតួនាទីកាន់តែសំខាន់ ក្នុងការចូលរួមរកដំណោះស្រាយបញ្ហាសកលនេះ ។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានឯកភាពនូវការលើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានសន្យាថា អូស្រ្តាលីនឹងខិតខំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធរបស់កម្ពុជាទាំងស្ថាប័ននីតិប្បញ្ញតិ្ត និងស្ថាប័ននីតិប្រតិបត្តិ សំដៅធ្វើយ៉ាងណាឆ្លើយតប និងបំពេញបន្ថែមនូវតម្រូវការ និងក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ