អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ពីការជូនរង្វាន់លើកទឹកដល់បេក្ខជនប្រឡងបាក់ឌុបនិទ្ទេសអេ

កំពង់ស្ពឺ ៖ក្នុងពិធីកាត់បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិកាលពីព្រឹក​ថ្ងៃអង្គារទី៨ ខែតុលា ឆ្នាំ២០២៤​នៅមណ្ឌល​ប្រឡងនៃ​អនុវិទ្យាល័យទីរួមខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកទឹកចិត្តដល់បេក្ខជនទាំង
អស់ឱ្យយកចិត្តទុកដាក់ក្នុងការធ្វើសំណេរឱ្យអស់ពីសមត្ថភាព ។លោកក៏បានបញ្ជាក់អំពីការសន្យាផ្តល់រង្វាន់លើកទឹកចិត្តដល់​បេក្ខជនដែលទទួលបាននិទ្ទេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អេ(A)។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ នៅចំពោះមុខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​ថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះជួយខេត្តកំពង់ស្ពឺ​នឹងធ្វើការ​ផ្តល់រង្វាន់ទៅដល់បេក្ខជនទាំងឡាយណាដែលទទួលបាននិទ្ទេសAនៅក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ​សម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមបន្តថា ការប្រឡង គឺជាការវាស់ស្ទង់នូវចំណេះដឹងរបស់ ក្មួយៗដែលបានខិតខំ​សិក្សា​រយៈពេល១២ឆ្នាំ ដើម្បីឈានចូលទៅ​បន្តការសិក្សា​នៅកម្រិតថ្នាក់​មហា​វិទ្យាល័យ ។ដូច្នេះត្រូវខិតខំឱ្យអស់ ពីលទ្ធភាព​ ដើម្បី​ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។ពិសេស​ជាងនេះ ត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងអបរំ “អ្នកចេះគឺជាប់”។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ ថ្ងៃទី៨-៩ ខែតុលានេះខេត្តកំពង់ស្ពឺ មានមណ្ឌល​ប្រឡងចំនួន​១១មណ្ឌល ,មានបន្ទប់សំណេរចំនួន២១៤បន្ទប់ និងមានបេក្ខជន ចំនួន៥ ៣១៤នាក់ (ស្រីចំនួន២ ៨៩៤នាក់)

ជាការសង្កេតដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រោមការ រៀបចំសណ្ដាប់ធ្នាប់ពីសមត្ថកិច្ច​នគរបាល​និងកងរាជអាវុធហត្ថ​យ៉ាងយកចិត្តទុកដាក់បំផុត៕
អត្ថបទ៖ ម៉ុន សំអាត

ads banner