អភិបាលខេត្តស្ទឹងត្រែង លើកសរសើរគណកម្មការរៀបចំការប្រឡងនិងបេក្ខជនប្រឡងបានដំណើរការល្អប្រកបដោយសមត្ថភាព លើកស្ទួយវិស័យអប់រំនៅកម្ពុជា
ខេត្តស្ទឹងត្រែង៖ ក្នុងឱកាសអញ្ចើញកាត់វិញ្ញាសារប្រឡងនៅព្រឹកថ្ងៃទី០៨ តុលា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងសរសើរដល់គណកម្មការរៀបចំការប្រឡង និងបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សម័យប្រឡងថ្ងៃទី០៨តុលាឆ្នាំ២០២៤នេះ ដែលប្រព្រឹត្តទៅបានល្អប្រសើរ ហើយធ្វើបានល្អបែបនេះ នឹងបានលើកស្ទួយវិស័យអប់រំនៅតាមបណ្តាខេត្តនិមួយៗ ដើម្បីឈានទៅស្វែងរកសិស្សមានសមត្ថភាពខ្លាំងពូកែ ប្រកបដោយប្រសិទ្ធភាព ។
ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តស្ទឹងត្រែង ពង្រឹងយន្តការបានល្អ សិស្សមកប្រឡងក៏មានសណ្តាប់ធ្នាប់ល្អ ផ្តល់លទ្ធភាពឱ្យដំណើរការប្រឡងប្រព្រឹត្តទៅបានល្អប្រសើរតាមការគ្រោងទុក ។
ឯកឧត្តមមានប្រសាសន៍បន្តថា វិស័យអប់រំនៅកម្ពុជាត្រូវបានពង្រឹងគុណភាពជាជំហានៗដើម្បីធ្វើឱ្យគោលដៅចំណេះដឹង និងបំនិនរបស់សិស្សកាន់តែមានភាពរឹងមាំ បង្កើនធនធានមនុស្សនៅកម្ពុជាកាន់តែមានបរិមាណ ឆ្លើយតបនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ។
លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្ត បានគាំទ្រចំពោះការដាក់ចេញនូវគោលការណ៍យ៉ាងសំខាន់ៗ សម្រាប់ពង្រឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយការកាត់វិញ្ញសារបង្ហាញសិស្សបញ្ជាក់ពីភាពត្រឹមត្រូវដោយឯកសារសម្ភារៈទាំងឡាយរក្សាបានការសម្ងាត់ច្បាស់លាស់ដែលត្រូវប្រឡងក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ តុលានេះ ។
លោកប្រធានមន្ទូរអប់រំ សំណូមពរដល់សិស្សានុសិស្សទាំងអស់ត្រូវប្រឹងប្រែង ឱ្យអស់លទ្ធភាពក្នុងការប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ធ្វើយ៉ាងណាគ្រប់វិញ្ញាសារប្រឡងនីមួយៗ ពេលធ្វើសំនេរហើយត្រូវពិនិត្យពិចៃឱ្យបានហ្មត់ចត់ ។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងសម័យប្រឡងឆ្នាំ២០២៤នេះ មានមណ្ឌលប្រឡងចំនួន ២ ក្នុងនោះរួមមាន៖មណ្ឌលវិទ្យាល័យព្រះរាជបូជនីយ៍កិច្ច និងមជ្ឈមណ្ឌលគរុកោលសលភូមិភាគស្ទឹងត្រែង សរុបបន្ទប់ចំនួន ៤៣បន្ទប់ មានបេក្ខជនជាសិស្សចូលរួមប្រឡងចំនួន ១.០៥៤នាក់ ក្នុងនោះសិស្សស្រី៥៧៣នាក់ ៕
ដេង ម៉ាវិន (ស្ទឹងត្រែង)