សិង្ហបុរីបិទការប្រណាំងសេះ យកទីលានសង់លំនៅឋាន
បរទេស៖ មនុស្សរាប់ពាន់នាក់បានទៅមើលការប្រណាំងសេះ ចុងក្រោយរបស់ប្រទេសសិង្ហបុរី មុនពេលត្រូវបានបិទការប្រណាំងទាំងស្រុង ក្រោយពីមានប្រវត្តិប្រណាំង រយៈពេលជាង១៨០ឆ្នាំ។ ទីលានប្រណាំង ដែលមានទំហំ១២០ហិចតា ស្ថិតក្នុងតំបន់ Bukit Timah កណ្តាលប្រទេស មួយនេះ ត្រូវប្រគល់ជូនទៅរដ្ឋាភិបាលវិញ ក្នុងគោលដៅអភិវឌ្ឍន៍លំនៅដ្ឋាន នៅឆ្នាំ២០២៧។
ទីលាន Turf គឺជាទីលានប្រណាំងតែមួយគត់ របស់ប្រទេសជាកោះ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ តែ ខ្វះខាតដី មួយនេះ។ ការប្រណាំងសេះ ក្នុងប្រទេសសិង្ហបុរី មានប្រវត្តិដ៏យូរអង្វែង ដែលមានតាំងពីអតីតកាលអាណានិគម របស់សិង្ហបុរី។ ដីនេះនឹងត្រូវប្រគល់ឲ្យរដ្ឋាភិបាល ដើម្បីបំពេញតម្រូវការលំនៅឋាន, លំហែកាយ និងការកម្សាន្តនានា ខណៈចំនួនប្រជាជនកើនឡើង។ ជាការកត់សម្គាល់ ប្រទេសសិង្ហបុរីមានទំហំតូច ជាងទីក្រុងញូវយ៉ក របស់អាមេរិក និងមានប្រជាជនរស់នៅប្រមាណ៦លាននាក់។
យ៉ាងណាមិញ ក្នុងពេលប្រកាសបិទ ជាលើកដំបូង កាលពីខែមិថុនា ឆ្នាំមុន ក្លឹប Singapore Turf Club បាននិយាយថា អ្នកចូលរួមទស្សនាការប្រណាំងសេះបានថយចុះ គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះ។ ថ្ងៃប្រណាំង ធ្លាប់តែមានអ្នកចូលរួមទស្សនា ជាមធ្យម ១១,០០០នាក់ ក្នុងឆ្នាំ២០១០ បានធ្លាក់ចុះមក នៅត្រឹម ៦,០០០នាក់ ក្នុងឆ្នាំ២០១៩ និងបន្តធ្លាក់មក នៅត្រឹម ២,៦០០នាក់។ អគារកម្ពស់៥ជាន់ មួយនេះ អាចផ្ទុកអ្នកទស្សនា បានរហូត ចំនួន៣ម៉ឺននាក់។
លោក Phua ដែលធ្លាប់ជួយបងប្រុស លក់បណ្ណភ្ញាល់ការប្រណាំងសេះ ហើយដែលបានទៅទស្សនាការប្រកួតចុងក្រោយ កាលពីថ្ងៃចុងសប្តាហ៍ បាននិយាយថា «ខ្ញុំមិនដឹងអ្វី អំពីការលេងល្បែងភ្ញាល់ទេ ប៉ុន្តែ ខ្ញុំរំជួលចិត្ត និងសោកស្ដាយបន្តិច ដែលការប្រណាំងសេះលែងមានទៀតហើយ ក្រោយពីមាន ជាងមួយរយឆ្នាំមកនេះ»៕
ប្រភពពី បាងកកប៉ុស្តិ៍ ប្រែសម្រួល៖ សារ៉ាត