ទោះតម្លៃថោកជាង តែយន្តហោះរុស្ស៊ី SU-57 សមត្ថភាពប្រយុទ្ធមិនចាញ់យន្តហោះអាមេរិក F-35 និង F-22
មូស្គូ៖ Su-57 ជំទាន់ទី០៥ ដែលជាយន្តហោះចម្បាំងពហុមុខងារដ៏ទំនើបបំផុតរបស់រុស្ស៊ី មានសមត្ថភាពគ្រប់គ្រាន់ប្រជែងជាមួយយន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 និង F-22។ តែបើនិយាយពីតម្លៃវិញ Su-57 របស់រុស្ស៊ី មានតម្លៃថោកជាងយន្ដហោះចម្បាំងទាំងពីររបស់អាមេរិកដល់ទៅ ២,៥ដង ប៉ុន្តែពួកវាមានលក្ខណៈសម្បត្តិដូចគ្នា។ នេះបើតាមប្រភពពីគេហទំព័រ 247wallst។
យន្ដហោះ Su-57 ផលិតដោយក្រុមហ៊ុនរុស្ស៊ី Sukhoi ខណៈដែលយន្ដហោះចម្បាំង F-35 និង F-22 ផលិតឡើងដោយក្រុមហ៊ុន Lockheed Martin។ ផ្អែកតាមប្រភពពីសារព័ត៌មាន CNN បានឱ្យដឹងថា យន្តហោះរុស្ស៊ី Su-57 មានតម្លៃចន្លោះពី ៣៥ដល់៥៤លានដុល្លារក្នុងមួយគ្រឿង។ រីឯ
យន្តហោះអាមេរិក F-22 មានតម្លៃ ១៤៣លានដុល្លារក្នុងមួយគ្រឿង និងយន្តហោះ F-35 មានតម្លៃ ១៧៧លានដុល្លារមួយគ្រឿង។ នេះបើតាមប្រភពពីគេហទំព័រ Aerotime។
យន្ដហោះរុស្ស៊ី Su-57 អាចហោះក្នុងល្បឿនជាង ២,៦០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលយន្តហោះអាមេរិក F-22 អាចហោះក្នុងល្បឿនជាង ២,៥០០គីឡូម៉ែត្រក្នុងមួយម៉ោង និងយន្តហោះ F-35 អាចហោះក្នុងល្បឿនជាង ១,៩០០គីឡូម៉ែត្រក្នុងមួយម៉ោង។
យន្ដហោះរុស្ស៊ី Su-57 មានប្រវែង ២២ម៉ែត្រ និងទម្ងន់ ១៨តោន។ យន្តហោះអាមេរិក F-22 មានប្រវែង ១៨.៩ម៉ែត្រ និងទម្ងន់ជាង ១៩តោន។ យន្តហោះ F-35 មានប្រវែង ១៥.៦ម៉ែត្រ និងទម្ងន់ជាង ១៤តោន។
យន្តហោះស៊េរីទំនើបជំនាន់ទី៥ Su-57 របស់រុស្ស៊ី ជាប្រភេទយន្តហោះទំនើប និងមានសមត្ថភាពខ្ពស់ ក្នុងការប្រយុទ្ធក្នុងសមរភូមិលំបាកៗ។ យន្តហោះនេះ អាចចាប់បានសញ្ញាគ្រោះថ្នាក់នៅលើអាកាស នៅលើដី និងនៅក្នុងសមុទ្រនៅក្នុងរយៈចម្ងាយឆ្ងាយ។
មិនត្រឹមតែប៉ុណ្ណោះ SU-57 ក៏មានបំពាក់សព្វាវុធទំនើបៗ មានដូចជាមីស៊ីលរយៈចម្ងាយខ្លី មធ្យម និងចម្ងាយឆ្ងាយ ដែលអាចបាញ់លើអាកាស ក៏ដូចជាពីលើអាកាសទៅដី និងប្រភេទមីស៊ីលប្រឆាំងរ៉ាដាផងដែរ៕
ប្រភព៖ 247wallst, CNN និង kyivindependent ប្រែសម្រួលដោយ៖ ឈឹម ទីណា