ខេត្តពោធិ៍សាត់ បិទបញ្ចប់មហោស្រពសិល្បៈចម្លាក់ព្រះពុទ្ធបដិមាខ្មែរ​ក្នុងឥរិយាបថសមាធិ

ពោធិ៍សាត់៖ បន្ទាប់ពីដំណើររយៈពេលពីរថ្ងៃមហោស្រពសិល្បៈចម្លាក់​ក្រោមប្រធានបទ”ព្រះពុទ្ធបដិមាខ្មែរក្នុងឥរិយា​បថសមាធិ”​បាន​ប្រារព្ធ​ពិធីបិទកាលពី​ព្រឹកថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ក្នុងពិធីដែលបានរៀបចំឡើងនៅសារៈមន្ទីរខេត្ត ក៏បានប្រគល់បណ្ណ​សរសើរ និងរកឃើញ​បេក្ខជនជាងចម្លាក់ជាប់ចំណាត់ថ្នាក់​បីរូប​ផងដែរ។បេក្ខជនចូលរួមប្រកួតប្រជែងមានចំនួន២០នាក់ម​ក​ពី​ក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង និងស្រុកភ្នំក្រវាញ និងគណៈ​មេ​ប្រយោគ​ពោរពេញដោយចំណេះជំនាញចំនួនប្រាំរូប។

ការប្រឡងផ្អែកលើមូលដ្ឋានលក្ខណៈបច្ចេកទេស ក្បួន ខ្នាត និង​លក្ខណៈសិល្បៈ។ ក្រោយពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់ផ្ចិតផ្ចង់ វាស់វែង ចាក់ខ្នាត សម្រង់ទឹកដៃ សោភណភាព ការច្នៃប្រឌិត និងការបញ្ចូលព្រលឹងនៃរូប​ចម្លាក់ព្រះពុទ្ធបដិមា​របស់បេក្ខជន​ទាំង២០នាក់រួចមក គណៈមេប្រយោគសម្រេចជ្រើសរើសបាន​រូបព្រះពុទ្ធបដិមាដែលបានពិន្ទុខ្ពស់បំផុតចំនួនបីរូប គឺបេក្ខជនឈ្មោះ ម៉ក់ ជាង ទទួលបានចំណាត់ថ្នាក់លេខ១, បេក្ខជនឈ្មោះ ចាន់ វ៉ូលីម ចំណាត់ថ្នាក់លេខ២ និងបេក្ខជនឈ្មោះ ម៉ក់ ចៀន ចំណាត់ថ្នាក់​លេខ៣។

សូមជម្រាបគោលបំណងនៃការរៀបចំមហោស្រពសិល្បៈចម្លាក់ខេត្តពោធិ៍សាត់ឆ្នាំ២០២៤នេះ គឺដើម្បីផ្ដល់ឱកាសសិក្សាលើផ្នែកធនធាន​មនុស្ស បច្ចេកទេសនៃការបង្ហាញស្នាដៃចម្លាក់និងទេពកោសល្យសិល្បៈ​សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់សិល្បៈស្នាដៃចម្លាក់ខ្មែរ ដើម្បីបន្តការពារ ថែរក្សា និងលើកស្ទួយមរតកវប្បធម៌អរូបីមួយនេះឱ្យ​គង់វង្ស។

ក្នុងឱកាសអញ្ជើញចូលរួមលោកស្រី ប៉ុក ណាឌី បានកោតសរសើរ​និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ដែលបានផ្ដួចផ្ដើមរៀបចំ​មហោស្រព សិល្បៈចម្លាក់​ព្រះពុទ្ធបដិមាខ្មែរនេះឱ្យ​ចេញជា​រូបរាងនិងបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។លោកស្រីអភិបាលរងខេត្តមានជំនឿយ៉ាងមុតមាំថា តាមរយៈការ​ប្រារព្ធមហោស្រពចម្លាក់ខេត្តពោធិ៍សាត់ឆ្នាំ២០២៤នេះ ពិតជាអាចផ្ដល់នូវសារប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ជាបទ​ពិសោធន៍ និងចូលរួមចំណែកថែរក្សាការពារនូវអត្តសញ្ញាណជាតិ លើកកម្ពស់វប្បធម៌ជាតិ ៕
ដោយ៖ចេង ពុំ

ads banner